លោក​យ៉ូហានបាទីស្ដ​ប្រៀនប្រដៅ​បណ្ដាជន
(ម៉ាកុស ១:១-៨ លូកា ៣:១-១៨ យ៉ូហាន ១:១៩-២៨)
១ នៅ​គ្រា​នោះ លោក​យ៉ូហានបាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោស្ថាន*​ស្រុក​យូដា​ថា៖ ២ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​មក​ជិត​បង្កើយ​ហើយ!»។ ៣ ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោស្ថាន​ថាៈ
“ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!”»​។
៤ លោក​យ៉ូហាន មាន​សម្លៀកបំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។ ៥ អ្នក​ក្រុង​យេរូសាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ ៦ គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​អោយ​គេ​ក្នុង​ទន្លេ​យ័រដាន់។
៧ កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈសាឌូស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​អោយ​រត់​គេច​ពី​ព្រះពិរោធ*​របស់​ព្រះជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?។ ៨ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ ៩ កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​អាច​ធ្វើ​អោយ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ១០ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ១១ ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់​សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ ១២ លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។
ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(ម៉ាកុស ១:៩-១១ លូកា ៣:២១-២២ យ៉ូហាន ១:៣២-៣៤)
១៣ ពេល​នោះ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​អោយ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។ ១៤ ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។ ១៥ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក​មក​»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។ ១៦ ពេល​ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ទ្រង់​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ ១៧ ពេល​នោះ មាន​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។