ព្រះយេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​អោយ​ដើរ​រួច
(ម៉ាកុស ២:១-១២ លូកា ៥:១៧-២៦)
១ បន្ទាប់​មក ព្រះយេស៊ូ​យាង​ចុះ​ទូក​ឆ្លង​សមុទ្រ​ទៅ​ក្រុង​របស់​ព្រះអង្គ​វិញ។ ២ ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។ ព្រះយេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប*​ហើយ!”។ ៣ ពួក​អាចារ្យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះជាម្ចាស់!»។ ៤ ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ? ៥ បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ៦ ប៉ុន្តែ ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់ទោស​អោយ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ ៧ អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ៨ កាល​មហាជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។
ព្រះយេស៊ូ​ត្រាស់​ហៅ​លោក​ម៉ាថាយ
(ម៉ាកុស ២:១៣-១៧ លូកា ៥:២៧-៣២)
៩ កាល​ព្រះយេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ*។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។ ១០ បន្ទាប់​មក ព្រះអង្គ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះយេស៊ូ និង​ពួក​សិស្ស​ដែរ។ ១១ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ ១២ ព្រះយេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ១៣ ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះគិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ “យើង​មិន​ចង់​បាន​យញ្ញបូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តាករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។
អំពី​ការ​តម​អាហារ
(ម៉ាកុស ២:១៨-២២ លូកា ៥:៣៣-៣៨)
១៤ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ១៥ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គលការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។ ១៦ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​អោយ​សម្លៀកបំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ ១៧ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។
ព្រះយេស៊ូ​ប្រោស​ស្ដ្រី​មាន​ជំងឺ​ធ្លាក់​ឈាម​អោយ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរូស​អោយ​រស់​ឡើង​វិញ
(ម៉ាកុស ៥:២១-៤៣ លូកា ៨:៤០-៥៦)
១៨ កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំខាន»។ ១៩ ព្រះយេស៊ូ​ក្រោក​ឡើង​យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។ ២០ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះយេស៊ូ ហើយ​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ ២១ ដ្បិត​នាង​រិះគិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ ២២ ព្រះយេស៊ូ​បែរ​ទៅ​ក្រោយ ទត​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ដ្រី​ធ្លាក់​ឈាម​បាន​ជា​សះស្បើយ​នៅ​ពេល​នោះ។
២៣ កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្សម្នា​ជ្រួលច្របល់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ២៤ «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះអង្គ។ ២៥ កាល​ព្រះអង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។ ២៦ ដំណឹង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ពាសពេញ​តំបន់​នោះ​ទាំង​មូល។
ព្រះយេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​អោយ​ភ្លឺ
២៧ កាល​ព្រះយេស៊ូ​កំពុង​តែ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​ព្រះអង្គ ស្រែក​ថា៖ «ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ២៨ ពេល​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​អោយ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ»។ ២៩ ព្រះអង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​អោយ​បាន​សំរេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ៣០ ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ ព្រះយេស៊ូ​ហាមប្រាម​គេ​យ៉ាង​តឹងតែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​អោយ​នរណា​ដឹង​ឡើយ»។ ៣១ ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វផ្សាយ​រឿង​នោះ​អោយ​គេ​ដឹង​ពាសពេញ​ស្រុក។
ព្រះយេស៊ូ​ប្រោស​មនុស្ស​គ​ម្នាក់​អោយ​និយាយ​បាន
៣២ លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះយេស៊ូ។ ៣៣ កាល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហាជន​នាំ​គ្នា​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ»។ ៣៤ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​អោយ»។
ព្រះយេស៊ូ​អាណិត​មហាជន
(ម៉ាកុស ៦:៣៤ លូកា ១០:២)
៣៥ បន្ទាប់​មក ព្រះយេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹងល្អ*​អំពី​ព្រះរាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​អោយ​បាន​ជា​ផង។ ៣៦ កាល​ព្រះអង្គ​ទត​ឃើញ​មហាជន ទ្រង់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។ ៣៧ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ៣៨ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ អោយ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។