១៧
សិរីរុងរឿង​របស់​ព្រះយេស៊ូ
(ម៉ាកុស ៩:២-៨ លូកា ៩:២៨-៣៦)
១ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។ ២ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ ៣ សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី* អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះយេស៊ូ។ ៤ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ ទូលបង្គំ​នឹង​សង់​ជំរក​បី គឺ​មួយ​សំរាប់​ព្រះអង្គ មួយ​សំរាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សំរាប់​ព្យាការី​អេលីយ៉ា»។ ៥ កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ ៦ ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ៧ ព្រះយេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះហស្ដ​លើ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ ៨ កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ ៩ ពេល​ព្រះអង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះយេស៊ូ​ហាមប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​អោយ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។ ១០ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ*​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ១២ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។ ១៣ ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​អំពី​លោក​យ៉ូហានបាទីស្ដ*។
ព្រះយេស៊ូ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាកុស ៩:១៤-២៧ លូកា ៩:៣៧-៤៣)
១៤ កាល​ព្រះយេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដាជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ។ គាត់​លុត​ជង្គង់​ចុះ ១៥ ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​អោយ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។ ១៦ ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​អោយ​ជា​បាន​ទេ»។ ១៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​អោយ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​អោយ​ខ្ញុំ»។ ១៨ បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
១៩ ពេល​នោះ ពួក​សិស្ស​ចូល​មក​គាល់​ព្រះយេស៊ូ​ដាច់​ឡែក​ពី​គេ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»។ ២០ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ ២១ [គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​អោយ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន* និង​តម​អាហារ]»។
ព្រះយេស៊ូ​ប្រកាស​អំពី​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត
(ម៉ាកុស ៩:៣០-៣២ លូកា ៩:៤៣-៤៥)
២២ កាល​ពួក​សិស្ស*​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។ ២៣ គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី​លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស*​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ការ​បង់​ពន្ធ​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម
២៤ លុះ​ព្រះយេស៊ូ​យាង​មក​ដល់​ក្រុង​កាពើណិម ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សំរាប់​ព្រះវិហារ​ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស​ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សំរាប់​ព្រះវិហារ​ឬ​ទេ?»។ ២៥ លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ ២៦ លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ ២៧ ប៉ុន្តែ ដើម្បី​កុំ​អោយ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​អោយ​ខ្ញុំ និង​អោយ​អ្នក​ចុះ!»។