២២
ប្រស្នា​អំពី​មង្គល​ការ
(លូកា ១៤:១៦-២៤)
១ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ ២ «ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ​ដែល​រៀប​វិវាហមង្គល​ការ​ព្រះរាជ​បុត្រ។ ៣ ព្រះរាជា​ចាត់​រាជ​បំរើ​អោយ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។ ៤ ព្រះអង្គ​ចាត់​រាជ​បំរើ​ផ្សេង​ទៀត អោយ​ទៅ​ជំរាប​ភ្ញៀវ​ថាៈ “យើង​បាន​រៀបចំ​ភោជនាហារ​សំរាប់​ជប់លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។ ៥ ប៉ុន្តែ ភ្ញៀវ​មិន​រវីរវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចំការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ ៦ អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បំរើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។ ៧ ព្រះរាជា​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​អោយ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កំទេច​ស្រុក​ភូមិ​របស់​គេ​ផង។ ៨ បន្ទាប់​មក ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​រាជ​បំរើ​ថាៈ “យើង​បាន​រៀបចំ​ពិធី​មង្គលការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។ ៩ ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប អោយ​មក​ជប់លៀង”។ ១០ ពួក​រាជ​បំរើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្សម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។
១១ ព្រះរាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ ១២ ទ្រង់​ក៏​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​សំរាប់​មង្គលការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ១៣ ព្រះរាជា​បង្គាប់​ទៅ​ពួក​រាជ​បំរើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទីងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
១៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ព្រះជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។
អំពី​ពន្ធ​ដារ
(ម៉ាកុស ១២:១៣-១៧ លូកា ២០:២០-២៦)
១៥ ពួក​ខាង​គណៈ​ផារីស៊ី* ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ព្រះយេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល។ ១៦ គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ អោយ​ទៅ​ជួប​ព្រះអង្គ​ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀនប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគយល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។ ១៧ ហេតុ​នេះ សូម​លោក​គ្រូ​អោយ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យវិន័យ​របស់​យើង​អនុញ្ញាត​អោយ​បង់​ពន្ធ​ដារ ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។ ១៨ ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? ១៩ ចូរ​បង្ហាញ​ប្រាក់​សំរាប់​បង់​ពន្ធ​នោះ​អោយ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។ ២០ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ ២១ គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។ ២២ ពួក​គេ​ងឿងឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាកុស ១២:១៨-២៧ លូកា ២០:២៧-៤០)
២៣ នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ ២៤ «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថាៈ “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​អោយ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន” ២៥ ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បង​ប្អូន​ប្រុស​ប្រាំពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​អោយ​ប្អូន។ ២៦ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ ២៧ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ២៨ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ ២៩ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ផង។ ៣០ ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរមសុខ*។ ៣១ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ ៣២ “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​បស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ ៣៣ កាល​មហាជន​បាន​ឮ​សេចក្ដី ដែល​ព្រះអង្គ​បង្រៀន គេ​ងឿងឆ្ងល់​ជា​ខ្លាំង។
បទបញ្ជា​សំខាន់​ជាង​គេ
(ម៉ាកុស ១២:២៨-៣៤ លូកា ១០:២៥-២៨)
៣៤ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះយេស៊ូ​បាន​ធ្វើ​អោយ​ពួក ខាង​គណៈ​សាឌូស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ៣៥ ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ ទូល​សួរ​ព្រះយេស៊ូ ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ ៣៦ «លោក​គ្រូ! ក្នុង​ក្រឹត្យវិន័យ* តើ​មាន​បទបញ្ជា​ណា​សំខាន់​ជាង​គេ?»។ ៣៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” ៣៨ ហ្នឹង​ហើយ​ជា​បទបញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ ៣៩ រីឯ​បទ​បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ ៤០ បទបញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។
ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​លើ​ស្ដេច​ដាវីឌ
(ម៉ាកុស ១២:៣៥-៣៧ លូកា ២០:៤១-៤៤)
៤១ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ ៤២ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ»។ ៤៣ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះគ្រិស្ដ ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះបាទ​ដាវីឌ ដែល​មាន​ព្រះវិញ្ញាណ​បំភ្លឺ​ហៅ​ព្រះគ្រិស្ដ​ថា “ព្រះអម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ទ្រង់​មាន​រាជឱង្ការ​ថាៈ
៤៤ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល
ទៅ​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា
សូម​គង់​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ”
៤៥ បើ​ព្រះបាទ​ដាវីឌ​ហៅ​ព្រះគ្រិស្ដ​ថា “ព្រះអម្ចាស់” ដូច្នេះ តើ​អោយ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។ ៤៦ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។