២៤
ព្រះយេស៊ូប្រកាសអំពីការបំផ្លាញព្រះវិហារ*
(ម៉ាកុស ១៣:១-២ លូកា ២១:៥-៦)
១ ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។
ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាកុស ១៣:៣-១៣ លូកា ២១:៧-១៩)
៣ កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ ៥ ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើដោយពោលថាៈ “ខ្ញុំនេះហើយជាព្រះគ្រិស្ដ*”។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។ ៦ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ៧ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ៨ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ ដើមដំបូងរបស់ស្ត្រីដែលហៀបនឹងសំរាលកូន។
៩ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងអោយគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ១០ នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ ១១ ព្យាការី*ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនអោយវង្វេង។ ១២ អំពើទុច្ចរិតនឹងរីកចំរើនឡើងជាខ្លាំង បណ្ដាលអោយសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។ ១៣ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ១៤ គេនឹងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ*នេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។
គ្រាមានទុក្ខលំបាក
(ម៉ាកុស ១៣:១៤-២៣ លូកា ២១:២០-២៤)
១៥ «ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមអោយអ្នកអានយល់ពាក្យនេះចុះ!) ១៦ ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ ១៧ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ ១៨ ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ ១៩ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ ២០ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ ២១ ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ ២២ ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។
២៣ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ដ*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ២៤ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការី*ក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលព្រះជាម្ចាស់បានជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ២៥ ខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុនអោយហើយ។
២៦ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ២៧ ដ្បិតបុត្រមនុស្ស*នឹងយាងមក ប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ ២៨ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។
បុត្រមនុស្សនឹងយាងមក
(ម៉ាកុស ១៣:២៤-២៧ លូកា ២១:២៥-២៨)
២៩ «លុះគ្រាដែលមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។ ៣០ ពេលនោះ ទីសំគាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។ ៣១ ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកអោយទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
ព្រះបន្ទូលអំពីដើមឧទុម្ពរ
(ម៉ាកុស ១៣:២៨-៣១ លូកា ២១:២៩-៣៣)
៣២ «ចូរអ្នករាល់គ្នាយកប្រស្នា*ស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ៣៣ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើងត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ៣៤ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ ៣៥ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រិស្ដ
(ម៉ាកុស ១៣:៣២-៣៧ លូកា ១៧:២៦-៣០, ៣៤-៣៦)
៣៦ «រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។ ៣៧ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ ៣៨ គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ ៣៩ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។ ៤០ បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ ៤១ បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។ ៤២ ដូច្នេះ ចូរប្រុងស្មារតីអោយមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ ៤៣ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយអោយចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ៤៤ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបំរើមិនស្មោះត្រង់
(លូកា ១២:៤១-៤៨)
៤៥ «បើអ្នកបំរើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយអ្នកបំរើនោះមើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ពុំខាន។ ៤៦ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គលហើយ។ ៤៧ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវ លើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ៤៨ ផ្ទុយទៅវិញ បើអ្នកបំរើនោះមានចិត្តអាក្រក់ហើយគិតថា “ម្ចាស់អញក្រមកដល់ណាស់” ៤៩ គាត់វាយអ្នកបំរើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ៥០ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង ៥១ លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺអោយទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។