មីកា
(ព្យាការី​មីកា)
១ នេះ​ជា​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ាស៊ីត​តាម​រយៈ​និមិត្តហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូសាឡឹម​ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។​
ព្រះបន្ទូល​ព្រមាន​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា
២ ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់!
ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ
ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់!
ព្រះជាអម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា
ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
៣  ព្រះអម្ចាស់​យាង​ចេញ​ពី​ព្រះដំណាក់​ចុះ​មក
ព្រះអង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។
៤ ភ្នំ​ទាំងឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះបាទា
ហើយ​ជ្រលង​ភ្នំ​ទាំងឡាយ​ក៏​ត្រូវ​រលាយ
ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង
ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជំរាល​ភ្នំ​ដែរ។
៥ ហេតុការណ៍​ទាំង​នេះ​កើត​មាន
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជពង្ស​លោក​យ៉ាកុប
និង​អំពើ​បាប​របស់​ពូជពង្ស​អ៊ីស្រាអែល។
តើ​នរណា​នាំ​អោយ​កូន​ចៅ
របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
គឺ​ក្រុង​សាម៉ារី!
តើ​នរណា​នាំ​អោយ​យូដា​គោរព
ព្រះ​ក្លែងក្លាយ​នៅ​តាម​ទី​ខ្ពស់?
គឺ​ក្រុង​យេរូសាឡឹម!
៦ យើង​នឹង​ធ្វើ​អោយ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ជា​ចំការ​មួយ​ដែល​គេ​ដាំ​ទំពាំងបាយជូរ
យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ
ទម្លាក់​ទៅ​ក្នុង​ជ្រោះ
ហើយ​បំផ្លាញ​ទីក្រុង​អោយ​នៅ​សល់​តែ​គ្រឹះ។
៧ រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែក
គ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យក
មក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។
យើង​នឹង​កំទេច​ព្រះ​ក្លែងក្លាយ​ទាំង​អស់
រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យាចារ
ដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃ
ស្រី​ពេស្យា។
៨ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេង
ខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេ
ខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប
៩ ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ
ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា
និង​ដល់​ទ្វារ​ក្រុង​យេរូសាឡឹម
ជា​ទី​លំនៅ​នៃ​ប្រជាជន​របស់​ខ្ញុំ។
១០ កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ
ហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។
កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-លេ-អាប្រា
អោយ​សោះ។
១១ អ្នក​ស្រុក​សាភៀរ​អើយ
ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!
អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។
អ្នក​ក្រុង​បេត-អេតសែល​នាំ​គ្នា​កាន់​ទុក្ខ
ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់
អ្នក​រាល់​គ្នា​បាន​ទេ។
១២ អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គល
ដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះអម្ចាស់​បញ្ជូន​មក​នោះ
មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូសាឡឹម​ហើយ។
១៣ អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!
អ្នក​បាន​នាំ​អាទិ៍​ប្រជាជន​ក្រុង​ស៊ីយ៉ូន
អោយ​ប្រព្រឹត្ត​អំពើ​បាប
ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រាអែល
ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។
១៤ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពី
ប្រជាជន​នៅ​ក្រុង​ម៉ូរ៉ាស៊ីត-កាថ។
ចំណែក​ឯ​អ្នក​ក្រុង​អាក់ស៊ីប​វិញ
គេ​នឹង​ធ្វើ​អោយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ខក​ចិត្ត។
១៥ អ្នក​ស្រុក​ម៉ារីសា​អើយ
ព្រះអម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លានពាន​អ្នក
មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រាអែល
នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូឡាំ។
១៦ អ្នក​ក្រុង​យេរូសាឡឹម​អើយ
ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ
ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក
ចូរ​ទុក​ក្បាល​អោយ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត
ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក
ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។