១៤
ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:១-៥ លូកា ២២:១-២ យ៉ូហាន ១១:៤៥-៥៣)
១ នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំបុ័ង​ឥត​មេ* ក្រុម​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោបាយ ដើម្បី​ចាប់​ព្រះយេស៊ូ​ដោយ​កលល្បិច​យក​ទៅ​ធ្វើ​គុត។ ២ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។
ស្ត្រី​ម្នាក់​ចាក់​ប្រេង​លើ​សិរសា​ព្រះយេស៊ូ
(ម៉ាថាយ ២៦:៦-១៣ យ៉ូហាន ១២:១-៨)
៣ ព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើសលប់។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះសិរសា​របស់​ព្រះយេស៊ូ។ ៤ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ! ៥ បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។ ៦ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ ៧ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ៨ ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ទុក​ជា​មុន​សំរាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ៩ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹងល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។
យូដាសអ៊ីស្ការីយ៉ុត​ក្បត់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:១៤-១៦ លូកា ២២:៣-៦)
១០ យូដាសអ៊ីស្ការីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ* ដើម្បី​គិតគូរ​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។ ១១ កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​អោយ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ​ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។
ព្រះយេស៊ូ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ពួក​សិស្ស
(ម៉ាថាយ ២៦:១៧-២៥ លូកា ២២:៧-១៤, ២១-២២ យ៉ូហាន ១៣:២១-៣០)
១២ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា*​សំរាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។ ១៣ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​អោយ​ទៅ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ ១៤ គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។ ១៥ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ ១៦ សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង។
១៧ លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប។ ១៨ នៅ​ពេល​ព្រះយេស៊ូ​រួម​តុ សោយ​ព្រះស្ងោយ​ជា​មួយ​ពួក​សិស្ស​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​បាន​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ១៩ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង គេ​ទូល​សួរ​ព្រះអង្គ​បន្ត​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។ ២០ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដែល​កំពុង​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។ ២១ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស​​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។
ពិធី​ជប់លៀង​ចុង​ក្រោយ​បំផុត
(មថ.២៦:២៦-៣០ លក.២២:១៥-២០ ១​ករ.១១.២៣-២៥)
២២ នៅ​ពេល​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។ ២៣ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​អោយ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិភោគ​ទាំង​អស់​គ្នា។ ២៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធមេត្រី ដែល​ត្រូវ​បង្ហូរ​សំរាប់​មនុស្ស​ទាំង​អស់។ ២៥ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់»។ ២៦ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ
(មថ.២៦:៣១-៣៥​លក ២២:៣១-៣៤​យហ ១៣.៣៦-៣៨)
២៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ”២៨ ក៏​ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នា»។ ២៩ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះបង់​ព្រះអង្គ​ចោល​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។ ៣០ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ៣១ ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។
ព្រះយេស៊ូ​អធិស្ឋាន​នៅ​ក្នុង​សួន​កេតសេម៉ានី
(ម៉ាថាយ ២៦:៣៦-៤៦ លូកា ២២:៣៩-៤៦)
៣២ ព្រះអង្គ​យាង​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​អធិស្ឋាន*​សិន»។
៣៣ ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ភ័យ​តក់ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះសា​ពន់​ប្រមាណ។ ៣៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​»។
៣៥ ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ចុះ​ដល់​ដី ទូលអង្វរ​សូម​អោយ​ទុក្ខ​លំបាក​នេះ​​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។ ៣៦ ព្រះអង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះបិតា​អើយ! ព្រះអង្គ​អាច​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​​ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​អោយ​បាន​សំរេច​តាម​ព្រះហឫទ័យ​ព្រះអង្គ​វិញ»។ ៣៧ ព្រះអង្គ​យាង​ទៅ​រក​ពួក​សិស្ស​ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ ម្ដេច​ក៏​អ្នក​ដេក​លក់​ដូច្នេះ? អ្នក​នៅ​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ? ៣៨ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​អោយ​ចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន ប៉ុន្តែ គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។
៣៩ ព្រះអង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​សា​ជា​ថ្មី ហើយ​ទូលអង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។ ៤០ ព្រះអង្គ​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់​ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះអង្គ​ដូច​ម្ដេច។ ៤១ ព្រះយេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទី​បី មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សំរាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។ ៤២ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។
គេ​ចាប់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:៤៧-៥៦ លូកា ២២:៤៧-៥៣ យ៉ូហាន ១៨:៣-១២)
៤៣ ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដាជន​មួយ​ក្រុម កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជាចារ្យ*​ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ* បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក។ ៤៤ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ​ដោយ​ប្រយ័ត្នប្រយែង​អោយ​មែន​ទែន»។ ៤៥ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះអង្គ ៤៦ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះយេស៊ូ។ ៤៧ មាន​ម្នាក់​ដែល​នៅ​ទី​នោះ ហូត​ដាវ​កាប់​អ្នក​បំរើ​របស់​មហា​បូជាចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។ ៤៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។ ៤៩ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង​ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។ ៥០ ពេល​នោះ ពួក​សិស្ស​បោះបង់​ព្រះយេស៊ូ​ចោល ហើយ​រត់​បាត់​អស់​ទៅ។
៥១ មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទបាំង​កាយ​ប៉ុណ្ណោះ គេ​បាន​ចាប់​គាត់​ដែរ ៥២ តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។
ព្រះយេស៊ូ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
(ម៉ាថាយ ២៦:៥៧-៦៨ លូកា ២២:៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨:១៣-១៤, ១៩-២០)
៥៣ គេ​បណ្ដើរ​ព្រះយេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជាចារ្យ*។ ពួក​នាយក​បូជាចារ្យ ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​អាចារ្យ* មក​ជួបជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។ ៥៤ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជាចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះវិហារ*។ ៥៥ ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។ ៥៦ មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។ ៥៧ មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង​ពោល​រឿង​ក្លែងក្លាយ ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ ៥៨ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះវិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះវិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។ ៥៩ ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។ ៦០ ពេល​នោះ លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះយេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?» ៦១ ព្រះយេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។ ៦២ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ»​។ ៦៣ លោក​មហា​បូជាចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ៦៤ អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សំរេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូ។ ៦៥ អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ គេ​គ្រប​ព្រះភក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះវិហារ​យក​ព្រះយេស៊ូ​មក​ទះ​កំផ្លៀង។
លោក​ពេត្រុស​បដិសេធ​ថា​មិន​ស្គាល់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:៦៩-៧៥ លូកា ២២:៥៦-៦២ យ៉ូហាន ១៨:១៥-១៨, ២៥-២៧)
៦៦ ពេល​លោក​ពេត្រុស​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បំរើ​ម្នាក់​របស់​លោក​មហា​បូជាចារ្យ​មក​ដល់។ ៦៧ នាង​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​អោយ​បាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ!»។ ៦៨ ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។ ៦៩ ស្ត្រី​បំរើ​ឃើញ​លោក​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។ ៧០ លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។ ៧១ លោក​ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​អោយ​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។
៧២ ភ្លាម​នោះ មាន់​រងាវ​ឡើង​ជា​លើក​ទី​ពីរ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​ថា “មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ” គាត់​ក៏​ទ្រហោ​យំ។