៩
ពិធីបុណ្យចម្លង*នៅវាលរហោស្ថានស៊ីណៃ
១ នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃ ដូចតទៅ៖ ២ «ចូរអោយជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃដែលបានកំណត់ទុក។ ៣ ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើតក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមច្បាប់ និងតាមវិន័យដែលមានចែងទុក»។
៤ លោកម៉ូសេប្រាប់ជនជាតិអ៊ីស្រាអែលអោយធ្វើពិធីបុណ្យចម្លង។ ៥ ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ៦ ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ៧ ហើយជំរាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។ ៨ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្ដីអំពីករណីរបស់អ្នករាល់គ្នាសិន»។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១០ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។ ១១ ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ ១២ គេមិនត្រូវទុកអ្វីអោយនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។ ១៣ ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ ១៤ ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសំរាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។
ពពកគ្របបាំងលើទីសក្ការៈ
១៥ នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។ ១៦ ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ ១៧ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។ ១៨ ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ ១៩ ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។ ២០ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំ តាមបញ្ជារបស់ព្រះអម្ចាស់។ ២១ ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ ២២ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្ដែតឡើង ទើបពួកគេចេញដំណើរ។ ២៣ ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបំរើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។