២៤
១ លោក​បាឡាម​យល់​ឃើញ​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រាអែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោស្ថាន។ ២ លោក​សម្លឹង​មើល​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​តាម​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម ៣ លោក​ថ្លែង​ដូច​ត​ទៅ៖
«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
៤ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះបន្ទូល
របស់​ព្រះជាម្ចាស់
អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
ពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
អ្នក​ដែល​ស្លុង​ស្មារតី
ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
៥ កូន​ចៅ​យ៉ាកុប​អើយ
ពន្លា​របស់​អ្នក​ស្អាត​ណាស់!
កូន​ចៅ​អ៊ីស្រាអែល​អើយ
ទី​លំនៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!
៦ គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ
ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ
ដូច​ដើម​ក្រស្នា ដែល​ព្រះអម្ចាស់​បាន​ដាំ
ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។
៧ ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌
គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់
ព្រោះ​សំបូរ​ទឹក
ស្ដេច​របស់​គេ​នឹង​មាន​ជ័យជំនះ​លើ​ស្ដេច​អកាក់
នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។
៨ ព្រះជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប
ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។
ពួក​គេ​កំទេច​ប្រជាជាតិ​នានា​ដែល​ជា​បច្ចាមិត្ត
ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ
អ្នក​ទាំង​នោះ​ទៀត​ផង។
៩ ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ
តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?
អ្នក​ណា​អោយ​ពរ​អ៊ីស្រាអែល
អ្នក​នោះ​នឹង​ទទួល​ពរ
អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រាអែល
អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!»។
១០ ពេល​នោះ ព្រះបាទ​បាឡាក់​ក្រេវក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះហស្ដ​ខ្លាំងៗ ទាំង​មាន​រាជឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​អោយ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​អោយ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ១១ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​អោយ​លោក តែ​ព្រះអម្ចាស់​រារាំង​លោក​មិន​អោយ​ទទួល​កិត្តិយស​នេះ​ទេ!»។ ១២ លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះករុណា​ចាត់​អោយ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា ១៣ “ទោះ​បី​ព្រះបាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សំរេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះអម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ”។ ១៤ ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួបជុំ​នឹង​ប្រជាជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។
១៥ លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖
«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
១៦ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល
របស់​ព្រះជាម្ចាស់
អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
ពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
អ្នក​ដែល​ស្លុង​ស្មារតី
ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
១៧ ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គ
តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ
ខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះ
តែ​មិន​មែន​នៅ​ជិត​ទេ។
មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប
មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រាអែល
ស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់
ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។
១៨ ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុម
នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ
ពេល​នោះ អ៊ីស្រាអែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។
១៩ ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យ
ជា​ក្សត្រាធិរាជ។
ព្រះអង្គ​នឹង​កំទេច​អស់​អ្នក​ដែល​នៅ​សេសសល់
ក្នុង​ទី​ក្រុង»។
២០ ពេល​ឃើញ​ជន​ជាតិ​អាម៉ាឡេក
លោក​បាឡាម​ថ្លែង​ថា៖
«អាម៉ាឡេក​ជា​ប្រជាជាតិ​មួយ​ធំ​ជាង​គេ​មែន
ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។
២១ ពេល​ឃើញ​ជន​ជាតិ​កែន
លោក​ថ្លែង​ថា៖
«អ្នក​មាន​ទី​លំនៅ​ដ៏​រឹងមាំ
ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្មដា។
២២ ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាបឆេះ
អាសស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។
២៣ លោក​ថ្លែង​ទៀត​ថា៖
«ពេល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស
តើ​នរណា​អាច​រស់​រាន​បាន!
២៤ មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម
ពួក​គេ​នឹង​បង្ក្រាប​អាសស៊ើរ និង​ហេប៊ើរ
ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។
២៥ លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះបាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។