២៧
ច្បាប់អំពីកេរមត៌កសំរាប់កូនស្រី
១ ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ២ ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖ ៣ «ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។ ៤ មិនគួរអោយឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកអោយយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
៥ លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៧ «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង អោយពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។ ៨ អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅអោយកូនស្រីរបស់គាត់។ ៩ ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅអោយបងប្អូនរបស់គាត់។ ១០ ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅអោយបងប្អូនឪពុកគាត់។ ១១ ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅអោយសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
លោកយ៉ូស្វេទទួលមុខងារជំនួសលោកម៉ូសេ
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់អោយជនជាតិអ៊ីស្រាអែល។ ១៣ អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអើរ៉ុនជាបងរបស់អ្នកដែរ ១៤ ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងអោយពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
១៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ ១៦ «សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់អោយដឹកនាំសហគមន៍អ៊ីស្រាអែលផង។ ១៧ អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំអោយសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
១៨ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ ១៩ ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ ២០ ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ អោយសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។ ២១ យ៉ូស្វេត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម* ដើម្បីដឹងពីការសំរេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រាអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។ ២២ លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស្វេមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។ ២៣ លោកដាក់ដៃលើលោកយ៉ូស្វេ ដើម្បីប្រគល់តំណែងអោយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។