៣៣
កន្លែងដែលជនជាតិអ៊ីស្រាអែលបានបោះជំរំ ចាប់ពីស្រុកអេស៊ីបរហូតដល់វាលទំនាបស្រុកម៉ូអាប់
១ កាលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ ២ លោកម៉ូសេបានកត់ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ:
៣ ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ ៤ ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
៥ ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។ ៦ ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។ ៧ ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។ ៨ ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។ ៩ ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។ ១០ ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។ ១១ ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅវាលរហោស្ថានស៊ីន។ ១២ ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។ ១៣ ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។ ១៤ ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។ ១៥ ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
១៦ ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។ ១៧ ពួកគេចាកចេញពីគីប្រូត-ហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។ ១៨ ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។
១៩ ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូន-ពេរេស។ ២០ ពួកគេចាកចេញពីរីម៉ូន-ពេរេស មកបោះជំរំនៅលីបណា។ ២១ ពួកគេចាកចេញពីលីបណា មកបោះជំរំនៅរីសា។ ២២ ពួកគេចាកចេញពីរីសា មកបោះជំរំនៅកេហេឡាថា។ ២៣ ពួកគេចាកចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសេភើរ។ ២៤ ពួកគេចាកចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។ ២៥ ពួកគេចាកចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។ ២៦ ពួកគេចាកចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត់។ ២៧ ពួកគេចាកចេញពីតាហាត់ មកបោះជំរំនៅតារ៉ាស។ ២៨ ពួកគេចាកចេញពីតារ៉ាស មកបោះជំរំនៅមីតកា។ ២៩ ពួកគេចាកចេញពីមីតកា មកបោះជំរំនៅហាស្មូណា។ ៣០ ពួកគេចាកចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។
៣១ ពួកគេចាកចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ ៣២ ពួកគេចាកចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោគីតកាត់។ ៣៣ ពួកគេចាកចេញពីហាគីតកាត់ មកបោះជំរំនៅយ៉ូតបាថា។ ៣៤ ពួកគេចាកចេញពីយ៉ូតបាថា មកបោះជំរំនៅអាប្រូណា។ ៣៥ ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។ ៣៦ ពួកគេចាកចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ ៣៧ ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយដែនស្រុកអេដុម។
៣៨ លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។ ៣៩ ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
៤០ ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។
៤១ ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។ ៤២ ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។ ៤៣ ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។ ៤៤ ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។
៤៥ ពួកគេចាកចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ ៤៦ ពួកគេចាកចេញពីឌីបូន-កាដ មកបោះជំរំនៅអាល់ម៉ូន-ឌីប្លាថែម។ ៤៧ ពួកគេចាកចេញពីអាល់ម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។ ៤៨ ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ៤៩ ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
៥០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូ ៥១ ដូចតទៅ៖ «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា: នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន ៥២ ចូរបណ្ដេញប្រជាជនដែលរស់នៅក្នុងស្រុកនោះអោយអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកំទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។ ៥៣ ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់អោយអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។ ៥៤ ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោត តាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវអោយចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កអោយតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ ៥៥ ប្រសិនបើអ្នករាល់គ្នាមិនបណ្ដេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ ពួកគេនឹងប្រៀបដូចជាកំទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា ឬដូចម្ជុលជាប់នៅក្នុងឆ្អឹងជំនីររបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើជាបច្ចាមិត្តរបស់អ្នករាល់គ្នា នៅក្នុងស្រុកដែលអ្នករាល់គ្នាទៅរស់នៅ។ ៥៦ ចូរប្រយ័ត្នក្រែងលោយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចយើងបានសំរេចប្រព្រឹត្តចំពោះពួកគេដែរ»។