នាង​រស់
(នាង​រូថ)
ទុក្ខ​វេទនា​របស់​គ្រួសារ​លោក​អេលីម៉ាឡេក
១ នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។ ២ បុរស​នោះ​ឈ្មោះ​អេលីម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ ណាអូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលីយ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រាតា នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់​ហើយ​ក៏​រស់​នៅ​ទី​នោះ។ ៣ ក្រោយ​មក លោក​អេលីម៉ាឡេក​បាន​ទទួល​មរណភាព ទុក​អោយ​នាង​ណាអូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។ ៤ កូន​ទាំង​ពីរ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រស់។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។ ៥ បន្ទាប់​មក ម៉ាឡូន និង​គីលីយ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណាអូមី​ជា​ម្ដាយ​អោយ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។
នាង​ណាអូមី​វិល​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ​ជា​មួយ​នាង​រស់​ជា​កូន​ប្រសា
៦ នៅ​ស្រុក​ម៉ូអាប់ នាង​ណាអូមី​បាន​ឮ​គេ​និយាយ​ថា ព្រះអម្ចាស់​ប្រោសប្រណី​ដល់​ប្រជាជន​ព្រះអង្គ ដោយ​ប្រទាន​អោយ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។ ៧ នាង​ណាអូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។
៨ ពេល​នោះ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះអម្ចាស់​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។ ៩ សូម​ព្រះអម្ចាស់​ប្រទាន​អោយ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណាអូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។ ១០ កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន​ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។ ១១ តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ?។ ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀបការ​ជា​មួយ​នាង​ហើយ។ ១២ ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ ១៣ តើ​នាង​អាច​ទ្រាំ​ចាំ រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះអម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​អោយ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។
១៤ ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សំរេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។ ១៥ នាង​ណាអូមី​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បំរើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។ ១៦ តែ​នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន អោយ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន​ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ ក៏​ជា​ព្រះ​របស់​កូន​ដែរ។ ១៧ អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះអម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។ ១៨ ដោយ​ឃើញ​ថា កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណាអូមី​ក៏​នៅ​ស្ងៀម។
១៩ ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណាអូមី​មែន​ឬ​មិន​មែន?»។ ២០ នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី”ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា “ម៉ារ៉ា”វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​បាន​ធ្វើ​អោយ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃលែង។ ២១ ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះអម្ចាស់​បាន​អោយ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី”ទៀត ដ្បិត​ព្រះអម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត បាន​ធ្វើ​អោយ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។
២២ បែប​ដូច្នេះ​ហើយ ដែល​នាង​ណាអូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រស់​សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេហិម នៅ​ដើម​រដូវ​ចំរូត។