៩
ព្រះអម្ចាស់វិនិច្ឆ័យទោស និងសង្គ្រោះប្រជាជាតិជិតខាងអ៊ីស្រាអែល
១ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។
ព្រះអង្គមានព្រះបន្ទូលទៅកាន់
អ្នកក្រុងដាម៉ាស
ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់
ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន
នៃជនជាតិអ៊ីស្រាអែលដែរ។
២ ព្រះអង្គមានព្រះបន្ទូលទៅកាន់
អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស
ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស
និងអ្នកក្រុងស៊ីដូន
ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
៣ ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ
ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី
ហើយមានមាសច្រើន ដូចភក់ដែលគេដើរ
ជាន់នៅតាមផ្លូវ។
៤ ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់
ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេ
ទម្លាក់ទៅក្នុងសមុទ្រ
ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
៥ ពេលឃើញហេតុការណ៍នេះ
ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត
ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង
ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។
ក្រុងកាសានឹងលែងមានស្ដេច
ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
៦ ពូជសាសន៍នានានឹងរស់នៅចំរុះគ្នា
ក្នុងក្រុងអាស្តូឌ
យើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
៧ យើងនឹងយកសាច់ដែលមានជាប់ឈាម
ចេញពីមាត់របស់គេ។
គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើម
ប្រជាជនភីលីស្ទីនដែលនៅសេសសល់
នឹងធ្វើជាប្រជារាស្ត្ររបស់យើង
ពួកគេនឹងធ្វើជាមេដឹកនាំ
ដូចកុលសម្ព័ន្ធយូដាដែរ។
ប្រជាជននៅក្រុងអេក្រូន
នឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើង
ដូចអ្នកក្រុងយេបូសដែរ។
៨ យើងនឹងការពារដំណាក់របស់យើងមិនអោយ
កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ
ហើយយើងក៏មិនអោយនរណាសង្កត់សង្កិន
ប្រជារាស្ត្ររបស់យើងបានទៀតដែរ
ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
ព្រះអម្ចាស់សង្គ្រោះក្រុងយេរូសាឡឹម
៩ ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរមានអំណររីករាយដ៏ខ្លាំងឡើង
ប្រជាជនក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោយ៉ាងសប្បាយ
មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក
យាងមករកអ្នកហើយ
ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក
ព្រះអង្គមានព្រះហឫទ័យស្លូតបូត
ព្រះអង្គគង់នៅលើខ្នងលា
គឺព្រះអង្គគង់នៅលើខ្នងកូនលា។
១០ ព្រះអង្គនឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម
យកទ័ពសេះចេញពីក្រុងយេរូសាឡឹម
ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។
ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា
អំពីសន្តិភាព។
ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង
ទៅសមុទ្រម្ខាងទៀត
ហើយចាប់ពីទន្លេអឺប្រាតរហូតដល់
ទីដាច់ស្រយាលនៃផែនដី។
១១ ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ
សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក
យើងនឹងដោះលែងប្រជាជនរបស់អ្នក
ដែលជាប់ទោស
អោយរួចពីរណ្ដៅដែលគ្មានទឹក។
១២ អ្នកទោសដែលពោរពេញទៅដោយ
សេចក្ដីសង្ឃឹមអើយ
ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល
មានកំពែងដ៏រឹងមាំវិញចុះ!
ថ្ងៃនេះយើងប្រកាសអោយអ្នករាល់គ្នាដឹងថា
អ្វីៗដែលអ្នករាល់គ្នាខាតបង់
យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
១៣ យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង
យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ
ក្រុងស៊ីយ៉ូនអើយ
យើងនឹងចាត់កូនចៅរបស់អ្នក
អោយទៅប្រហារកូនចៅពួកយ៉ាវ៉ន
យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
១៤ ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ
ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ
ព្រះជាអម្ចាស់នឹងផ្លុំស្នែង
ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា
ដែលបក់មកពីទិសខាងត្បូង។
១៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ
ពួកគេបំផ្លាញ និងកិនកំទេចខ្មាំងសត្រូវដែល
ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។
ពួកគេបង្ហូរឈាមសត្រូវអោយហូរ
ដូចស្រាទំពាំងបាយជូរ
ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើយញ្ញបូជា
ហូរពេញចាន នៅជ្រុងអាសនៈ។
១៦ នៅថ្ងៃនោះ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
នឹងសង្គ្រោះពួកគេ
ដូចគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។
ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន
ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។
១៧ នៅគ្រានោះពួកគេនឹងមានសុភមង្គល
ហើយសម្ផស្សដ៏ល្អបំផុត
ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្ដល់អោយ
យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។