១១
ការ​វិនាស​របស់​មហា​អំណាច
១ ស្រុក​លីបង់​អើយ
ចូរ​បើក​ចំហ​ទ្វារ​របស់​អ្នក!
ចូរ​អោយ​ភ្លើង​ឆាបឆេះ​ដើម​ឈើ​ដ៏​ធំៗ
របស់​អ្នក​ទៅ!
២ ដើម​កកោះ​អើយ
ចូរ​ស្រែក​អោយ​អស់​ទំហឹង​ទៅ
ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ!
ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ!
ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ
ចូរ​នាំ​គ្នា​ស្រែក​អោយ​អស់​ទំហឹង​ទៅ
ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!
៣ ចូរ​ស្ដាប់​សំរែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ
ដ្បិត​ពួក​គេ​បាត់​បង់​យសស័ក្ដិ​អស់​ហើយ។
ចូរ​ស្ដាប់​សំរែក​របស់​សិង្ហ​ស្ទាវ
ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន
ព្រៃ​ទ្រុបទ្រុល វិនាស​ហិនហោច​អស់​ហើយ។
គង្វាល​ពីរ​នាក់
៤ ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ចូរ​ឃ្វាល​ចៀម​ដែល​គេ​បម្រុង​យក​ទៅ​សម្លាប់​នោះ​ទៅ!។ ៥ អស់​អ្នក​ដែល​ទិញ​ចៀម​ទាំង​នេះ នឹង​យក​ពួក​វា​ទៅ​សម្លាប់​ដោយ​គិត​ថា ខ្លួន​គ្មាន​កំហុស​អ្វី​ទេ។ អស់​អ្នក​ដែល​លក់​ចៀម​ទាំង​នេះ​ពោល​ថា “អរ​ព្រះគុណ​ព្រះអម្ចាស់ ដ្បិត​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ!”។ គ្មាន​គង្វាល​ណា​ម្នាក់​នឹក​អាណិត​ចៀម​ទាំង​នេះ​ទេ។ ៦ យើង​ក៏​មិន​ត្រា​ប្រណី​ប្រជាជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​អោយ​មនុស្ស​ជិះជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កំទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​អោយ​រួច​ឡើយ»។
៧ ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ​។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្តភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។ ៨ ខ្ញុំ​កំចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។ ៩ ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​អោយ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​អោយ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេសសល់​អោយ​វា​ហែក​គ្នា​ស៊ី​ទៅ! ១០ ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។ ១១ សម្ពន្ធមេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ពិត​ជា​មាន​ព្រះបន្ទូល​តាម​រយៈ​ខ្ញុំ​មែន។
១២ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​អោយ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់​នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាមសិប​ស្លឹង*​អោយ​ខ្ញុំ​ទុក​ជា​ប្រាក់​ឈ្នួល។ ១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​អោយ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាមសិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ទុក​សំរាប់​ជាង​ស្មូន។ ១៤ បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ​គឺ «មិត្តភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រាអែល។
១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងីល្ងើ​ទៀត​ទៅ! ១៦ ដ្បិត​យើង​ធ្វើ​អោយ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវីរវល់​ជួយ​ចៀម​របស់​ខ្លួន​ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​អោយ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។
១៧ គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។
សូម​អោយ​ដាវ​កាប់​បំបាក់​ដៃ
និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ!
សូម​អោយ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន
ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។