៥
អាន៉្នានាស និងសាភីរ៉ា
១ តែមានមនុស្សម្នាក់ទៀតឈ្មោះអាន៉្នានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ
២ ហើយបានគៃដំឡៃនោះទុកខ្លះ ដោយប្រពន្ធយល់ព្រមដែរ រួចនាំយក១ចំណែកមក ដាក់នៅទៀបជើងពួកសាវ័ក
៣ តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដ៏១ចំណែកដូច្នេះ
៤ កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ
៥ កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្តីស្ញែងខ្លាច
៦ នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់
៧ នៅគ្រាប្រហែលជា៣ម៉ោងក្រោយមកប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ
៨ ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ
៩ រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្តីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ
១០ នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះបានចូលមក ឃើញនាងស្លាប់ នោះក៏សែងយកទៅកប់ នៅជិតខ្មោចប្តីទៅ
១១ រួចពួកជំនុំទាំងប៉ុន្មាន និងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្តីស្ញែងខ្លាចទាំងអស់គ្នា។
ក្រុមសាវ័កសំដែងការអស្ចារ្យផ្សេងៗ
១២ មានទីសំគាល់ និងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជំនុំ ដោយសារដៃពួកសាវ័ក (គេបានស្រុះចិត្តទាំងអស់គ្នា នឹងនៅក្នុងបាំងសាចសាឡូម៉ូន
១៣ ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ
១៤ ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)
១៥ ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែ និងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ
១៦ ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចចូលផង ហើយគេបានជាទាំងអស់គ្នា។
ក្រុមសាវ័កត្រូវគេបៀតបៀន
១៧ រីឯសំដេចសង្ឃ និងអស់អ្នកនៅជាមួយនឹងលោក ដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្តីកំហឹងដ៏ពោរពេញ
១៨ ក៏ចាប់ពួកសាវ័កយកទៅឃុំទុក
១៩ ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា
២០ ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ
២១ កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ និងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវ័កមក
២២ គេក៏បានទៅដល់គុកតែមិនឃើញពួកសាវ័កនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា
២៣ យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័ត្នគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ
២៤ កាលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា
២៥ តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ
២៦ នោះមេទ័ព និងពួកអាជ្ញា ក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម
២៧ កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា
២៨ តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើល ឯងរាល់គ្នាបានបង្រៀនសេចក្តីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង
២៩ តែពេត្រុស និងពួកសាវ័កឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស
៣០ រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ
៣១ ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប
៣២ យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ពីការទាំងនោះ។
៣៣ លុះកាលពួកក្រុមជំនុំបានឮ នោះគេមានចិត្តក្តៅក្រហាយជាខ្លាំង ក៏ពិគ្រោះគ្នានឹងសំឡាប់ពួកសាវ័កចេញ
៣៤ ប៉ុន្តែ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន លោកឈរឡើងក្នុងក្រុមជំនុំ បង្គាប់ឲ្យបញ្ចេញពួកសាវ័កទៅខាងក្រៅបន្តិចសិន
៣៥ រួចលោកមានប្រសាសន៍ទៅពួកក្រុមជំនុំថា ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័ត្នខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ
៣៦ ដ្បិតពីដើមមានឈ្មោះធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវា តែវាត្រូវគេសំឡាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ
៣៧ ក្រោយនោះមក នៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ
៣៨ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន
៣៩ តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ
៤០ ពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោក រួចកាលបានហៅពួកសាវ័កមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ
៤១ ពួកសាវ័កក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំនៀល ដោយព្រោះព្រះនាមទ្រង់
៤២ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។