៧
សុន្ទរកថារបស់ស្ទេផាន
១ នោះសំដេចសង្ឃសួរថា សេចក្តីទាំងនេះត្រូវឬទេ
២ ស្ទេផានឆ្លើយថា ឱអ្នករាល់គ្នាជាបងប្អូន ជាឪពុកអើយ សូមស្តាប់សិន ព្រះដ៏មានសិរីល្អ ទ្រង់លេចមកឲ្យលោកអ័ប្រាហាំ ជាឰយុកោយើងរាល់គ្នាឃើញ ក្នុងកាលដែលលោកនៅស្រុកមេសូប៉ូតាមា មុនដែលនៅស្រុកខារ៉ាន
៣ ហើយមានព្រះបន្ទូលប្រាប់លោកថា «ចូរឯងចេញពីស្រុក ហើយពីញាតិសន្តានឯង ទៅនៅឯស្រុក១ដែលអញនឹងបង្ហាញវិញ»
៤ នោះលោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ានទៅ លុះក្រោយដែលឪពុកលោកស្លាប់ហើយ នោះទ្រង់ផ្លាស់លោកពីទីនោះ ឲ្យមកនៅស្រុក ដែលលោករាល់គ្នានៅសព្វថ្ងៃនេះវិញ
៥ ទ្រង់មិនបានប្រទានឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក និងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង
៦ ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ
៧ ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ»
៨ ទ្រង់ក៏តាំងសេចក្តីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។
៩ ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក
១០ ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង
១១ រីឯនៅស្រុកអេស៊ីព្ទ និងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្តីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន
១២ នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង
១៣ លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ
១៤ រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក
១៥ ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ
១៦ គេដង្ហែសពលោកទៅឯស្រុកស៊ីគែម បញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
១៧ កាលជិតដល់កំណត់នៃសេចក្តីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ
១៨ ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ
១៩ ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ
២០ នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ
២១ កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត
២២ លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី និងការធ្វើយ៉ាងចំណាន
២៣ កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនខ្លួន
២៤ លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់
២៥ ដ្បិតលោកស្មានថា បងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្តីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ
២៦ លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ
២៧ តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង
២៨ តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី
២៩ កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។
៣០ លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ
៣១ កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានព្រះបន្ទូលមកថា
៣២ «អញជាព្រះនៃពួកឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ
៣៣ រួចព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ
៣៤ អញបានឃើញសេចក្តីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ»
៣៥ ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ
៣៦ លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
៣៧ គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ»
៣៨ គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានព្រះបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ
៣៩ តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ
៤០ ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ»
៤១ នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ
៤២ នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្តីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ
៤៣ ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូឡុក និងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីឡូនវិញ»។
៤៤ រីឯរោងឧបោសថនៃសេចក្តីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ
៤៥ ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។
៤៦ រីឯហ្លួងដាវីឌនេះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងទ្រង់ ហើយស្តេចទ្រង់មានព្រះទ័យប្រាថ្នាចង់រកទីលំនៅសំរាប់ព្រះនៃយ៉ាកុប
៤៧ តែគឺហ្លួងសាឡូម៉ូនវិញ ដែលស្អាងដំណាក់១ថ្វាយដល់ព្រះ
៤៨ ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយដូចជាហោរាបានទាយថា
៤៩ «ស្ថានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានព្រះបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សំរាកបាន
៥០ តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី»
៥១ ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
៥២ តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ
៥៣ អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រឹត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។
បណ្តាជនសំឡាប់ស្ទេផាន
៥៤ កាលបានឮសេចក្តីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង
៥៥ តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ និងព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ
៥៦ រួចគាត់មានវាចាថាមើល ខ្ញុំឃើញមេឃចំហ និងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ
៥៧ នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់
៥៨ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល
៥៩ គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរដល់ព្រះថា ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង
៦០ នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។