៧
១ គឺការយ៉ាងនោះ ដែលព្រះអម្ចាស់ព្រះយេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលា ដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ
២ រួចកាលកណ្តូបទាំងនោះបានស៊ីស្មៅ នៅក្នុងស្រុកអស់ទៅនោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់អត់ទោស ធ្វើដូចម្តេចឲ្យពួកយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
៣ ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះមិនត្រូវធ្វើឡើយ។
៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
៥ ខណៈនោះ ខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់ឈប់ ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
៦ ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះក៏មិនត្រូវធ្វើដែរ។
៧ រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ
៨ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានព្រះបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ
៩ អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។
១០ នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ
១១ ដ្បិតវានិយាយដូច្នេះថា យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន
១២ រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ
១៣ កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេចហើយជាដំណាក់ហ្លួងផង។
១៤ នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ
១៥ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ
១៦ ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ ក៏កុំបញ្ចេញពាក្យណាទាស់នឹងពួកវង្សអ៊ីសាកដែរ
១៧ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។