៤
ព្រះគ្រីស្ទជួយគាំពារអ្នកផ្សាយដំណឹងល្អ
១ ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណា ដែលយើងខ្ញុំទទួលមក
២ យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន និងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្តីពិតវិញ
៣ បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ
៤ ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ
៥ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ
៦ ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។
៧ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ
៨ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ
៩ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ
១០ យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ
១១ ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្តីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ
១២ ហេតុនោះបានជាសេចក្តីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ
១៣ ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្តីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ
១៤ ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនិងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ
១៥ ពីព្រោះគ្រប់ទាំងអស់សំរាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណ ដែលចំរើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្តីអរព្រះគុណចំរើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។
លំនៅដែលស្ថិតស្ថេរអស់កល្បជានិច្ច
១៦ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ
១៧ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ
១៨ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។