១៣
ទោសរបស់អ្នកថ្វាយបង្គំរូបបដិមា
១ បើកាលណាមានហោរាណា ឬអ្នកណាកើតឡើង នៅក្នុងពួកឯង ដែលតែងតែយល់សប្តិ ហើយអ្នកនោះប្រាប់ទីសំគាល់ ឬពីការអស្ចារ្យណា
២ រួចទីសំគាល់ ឬការអស្ចារ្យនោះកើតមកមែន តាមដូចជាអ្នកនោះប្រាប់មកឯង ដោយល្បួងថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលឯងមិនបានស្គាល់សោះ)
៣ នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ
៤ ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ និងស្តាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង
៥ ឯហោរា ឬអ្នកយល់សប្តិនោះត្រូវតែសំឡាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបំរើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯង និងបានបំបាត់សេចក្តីអាក្រក់ចេញពីពួកឯងទៅ។
៦ បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដ៏ទៃវិញ ជាព្រះដែលឯង ឬពួកឰយុកោឯងមិនដែលបានស្គាល់សោះ
៧ គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
៨ នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ
៩ ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល
១០ ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
១១ ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្តីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្តីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។
១២ បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា
១៣ មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ
១៤ នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត
១៥ នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ និងហ្វូងសត្វផង ដោយមុខដាវ
១៦ រួចត្រូវឲ្យប្រមូលអស់ទាំងរបឹប នៅទីក្រុងនោះមកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង និងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ
១៧ ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្តីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកឰយុកោឯងផង
១៨ ដោយឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យឯងបានប្រព្រឹត្តចំពោះសេចក្តីណាដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។