ជនជាតិអ៊ីស្រាអែលធ្វើពិធីរំលឹកអំពីសម្ពន្ធមេត្រី
២៧
ថ្មនៅភ្នំអេបាល
១ នោះម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏បង្គាប់ដល់បណ្តាជនថា ចូរកាន់តាមគ្រប់ទាំងបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
២ រួចនៅថ្ងៃដែលឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឯង នោះត្រូវឲ្យរៀបថ្មឡើងហើយបូកបាយអចុះ
៣ ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មនោះ ក្នុងកាលដែលឆ្លងទៅ ដើម្បីនឹងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯងបានមានព្រះបន្ទូលហើយ
៤ កាលណាឯងរាល់គ្នាបានបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវឲ្យរៀបថ្មនោះឡើង នៅលើភ្នំអេបាល តាមដែលអញបង្គាប់នៅថ្ងៃនេះ រួចបូកបាយអផង
៥ នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ
៦ ត្រូវស្អាងអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដោយថ្មទាំងមូល ហើយថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅលើអាសនានោះ
៧ ព្រមទាំងដង្វាយមេត្រីផង រួចត្រូវបរិភោគនៅកន្លែងនោះ ដោយអរសប្បាយ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង
៨ ត្រូវឲ្យឯងចារឹកអស់ទាំងពាក្យ ក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មទាំងនោះ ឲ្យច្បាស់ប្រចក្ស។
៩ រួចម៉ូសេ និងពួកលេវីដ៏ជាសង្ឃ ក៏ប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា ចូរនៅស្ងៀម ហើយស្តាប់ចុះឱពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះឯងបានត្រឡប់ជារាស្ត្ររបស់ព្រះយេហូវ៉ា ជាព្រះនៃឯងហើយ
១០ ដូច្នេះត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទ្រង់ទាំងប៉ុន្មានដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។
១១ ហើយនៅថ្ងៃនោះឯង ម៉ូសេក៏ផ្តាំដល់បណ្តាជនទាំងឡាយថា
១២ កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ និងពួកបេនយ៉ាមីន១
១៣ ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ និងពួកណែបថាលី១
បណ្តាសាទាំងដប់ពីរ
១៤ នោះត្រូវឲ្យពួកលេវីចាប់ផ្តើមបន្លឺឡើង ដោយពាក្យជាខ្លាំង ដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា
១៥ ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
១៦ ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
១៧ ត្រូវបណ្តាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
១៨ ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើមនុស្សខ្វាក់វង្វេងចេញពីផ្លូវទៅ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
១៩ ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្តីយុត្តិធម៌ពីអ្នកដទៃ និងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២០ ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុក ដ្បិតអ្នកនោះបានបើកសំលៀករបស់ឪពុកហើយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២១ ត្រូវបណ្តាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វណាមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២២ ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេក និងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២៣ ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងម្តាយក្មេករបស់ខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២៤ ត្រូវបណ្តាសាហើយ អ្នកណាដែលវាយអ្នកជិតខាងខ្លួនដោយសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២៥ ត្រូវបណ្តាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីនឹងសំឡាប់មនុស្សណាដែលឥតទោស នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
២៦ ត្រូវបណ្តាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ព្រមទាំងប្រព្រឹត្តតាមផងនោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។