២៩
១ ម៉ូសេ លោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទ ដល់ផារ៉ោន និងពួកមហាតលិក ហើយនឹងស្រុកទ្រង់ទាំងមូល នៅចំពោះភ្នែកឯងហើយ
២ គឺអស់ទាំងការល្បងយ៉ាងធំ ដែលភ្នែកឯងបានឃើញ ព្រមទាំងទីសំគាល់ និងការអស្ចារ្យដ៏ធំផង
៣ តែលុះមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់មិនបានប្រទាន ឲ្យឯងរាល់គ្នាមានចិត្តយល់ ឬភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ
៤ អញបាននាំឯងរាល់គ្នាក្នុងទីរហោស្ថានអស់៤០ឆ្នាំហើយ ឯសំលៀកបំពាក់របស់ឯង នោះមិនបានរេចនៅលើខ្លួនសោះ ហើយស្បែកជើងឯងក៏មិនបានសឹកផង
៥ ឯងរាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯង
៦ កាលឯងរាល់គ្នាបានមកដល់ទីនេះ នោះស៊ីហុន ជាស្តេចក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះគេ
៧ យើងបានចាប់យកស្រុកគេ ក៏ចែកជាមរដកដល់ពួករូបេន ពួកកាឌ់ ហើយនឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង
៨ ដូច្នេះចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសញ្ញានេះ ដើម្បីឲ្យឯងរាល់គ្នាមានសេចក្តីចំរើនក្នុងគ្រប់ទាំងការដែលឯងធ្វើ។
៩ នៅថ្ងៃនោះ ឯងទាំងអស់គ្នាកំពុងឈរ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង គឺទាំងពួកមេ ទាំងពូជអំបូរឯងទាំងប៉ុន្មាន និងពួកចាស់ទុំ ហើយនឹងពួកនាយករបស់ឯងរាល់គ្នា ជាបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
១០ ព្រមទាំងពួកកូនក្មេង និងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង
១១ ប្រយោជន៍ឲ្យបានចុះសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃឯង និងសេចក្តីសម្បថ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ស្បថនឹងឯងនៅថ្ងៃនេះ
១២ គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងដែរ។
១៣ អញតាំងសេចក្តីសញ្ញា ហើយសម្បថនេះ មិនមែនតែនឹងឯងរាល់គ្នាប៉ុណ្ណោះ
១៤ គឺនឹងពួកអ្នកដែលឈរជាមួយនឹងយើងរាល់គ្នានៅទីនេះ នាចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង នៅថ្ងៃនេះ ព្រមទាំងពួកអ្នកដែលមិននៅឯនេះ ជាមួយនឹងយើងរាល់គ្នានៅថ្ងៃនេះដែរ
១៥ (ដ្បិតឯការទាំងប៉ុន្មាន ដែលកើតដល់យើងនៅក្នុងស្រុកអេស៊ីព្ទ ហើយតាមផ្លូវដែលយើងបានដើរកាត់ កណ្តាលសាសន៍ទាំងប៉ុន្មាន ហួសមកដល់ទីនេះ នោះឯងរាល់គ្នាដឹងស្រាប់ហើយ
១៦ ក៏បានឃើញការគួរស្អប់ខ្ពើមរបស់គេ និងព្រះដែលធ្វើពីឈើ ពីថ្ម ប្រាក់ ហើយនឹងមាស នៅក្នុងពួកគេនោះដែរ)
១៧ ក្រែងនៅក្នុងពួកឯងរាល់គ្នា នៅថ្ងៃនេះមានមនុស្សប្រុស ឬស្រីណា ឬគ្រួណា ឬពូជអំបូរណាដែលមានចិត្តបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃយើង ទៅគោរពប្រតិបត្តិដល់ព្រះរបស់សាសន៍ទាំងនោះវិញ ហើយក្រែងនៅក្នុងពួកឯងរាល់គ្នា មានឫសណាដែលបង្កើតជាតិពុល ហើយនឹងស្លែង
១៨ រួចកាលណាអ្នកនោះឮពាក្យនៃសេចក្តីបណ្តាសានេះ នោះគេនឹងឲ្យពរដល់ខ្លួននៅក្នុងចិត្តថា អញនឹងមានសេចក្តីសុខទេ ទោះបើអញដើរតាមតែសេចក្តីរឹងចចេសក្នុងចិត្តអញ ដើម្បីនឹងបន្ថែមសេចក្តីស្រវឹង ទៅលើសេចក្តីសំរេកក៏ដោយ
១៩ ព្រះយេហូវ៉ាទ្រង់នឹងមិនអត់ទោសដល់អ្នកនោះឡើយ គឺសេចក្តីខ្ញាល់ហើយនឹងសេចក្តីប្រចណ្ឌនៃព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងសេចក្តីបណ្តាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះដែរ រួចព្រះយេហូវ៉ាទ្រង់នឹងលុបឈ្មោះគេពីក្រោមមេឃចេញ
២០ ព្រះយេហូវ៉ាទ្រង់នឹងញែកអ្នកនោះ ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់តែសេចក្តីអាក្រក់ប៉ុណ្ណោះ តាមអស់ទាំងពាក្យបណ្តាសានៃសេចក្តីសញ្ញាដែលកត់ក្នុងគម្ពីរក្រឹត្យវិន័យនេះ។
២១ ឯដំណមនុស្សក្រោយមក គឺកូនចៅឯងរាល់គ្នាដែលនឹងកើតតពីឯង ហើយពួកអ្នកដទៃដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញអស់ទាំងសេចក្តីវេទនានៅស្រុកនោះ និងជំងឺទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើឲ្យឈឺ
២២ ហើយឃើញស្រុកនោះសុទ្ធតែស្ពាន់ធ័រ និងអំបិលផងក៏កំពុងតែឆេះ ឥតដែលបានសាបព្រោះ ឬលូតលាស់ឥតមានស្មៅដុះសោះ ដូចជាកាលបំផ្លាញក្រុងសូដុំម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា ហើយនឹងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្តីខ្ញាល់ហើយនឹងសេចក្តីឃោរឃៅរបស់ទ្រង់
២៣ នោះគ្រប់ទាំងសាសន៍នឹងសួរថា ហេតុដូចម្តេចបានជាព្រះយេហូវ៉ាបានធ្វើដល់ស្រុកនេះយ៉ាងដូច្នេះ សេចក្តីក្រោធយ៉ាងខ្លាំង ដ៏ឆេះក្តៅ បានកើតឡើងដោយព្រោះអ្វី
២៤ នោះអស់ទាំងសាសន៍នឹងឆ្លើយថា គឺដោយព្រោះតែគេបានបោះបង់ចោលសេចក្តីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ដែលទ្រង់បានតាំងនឹងគេ ក្នុងកាលដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមកនោះ
២៥ គេបានបែរទៅជាគោរពប្រតិបត្តិ ថ្វាយបង្គំដល់ព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ គឺជាព្រះដែលទ្រង់ក៏មិនបានប្រទានឲ្យគេផង
២៦ ហេតុនោះហើយ បានជាសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើងទាស់នឹងស្រុកនេះ ដើម្បីនឹងនាំអស់ទាំងសេចក្តីបណ្តាសា ដែលកត់ក្នុងគម្ពីរនេះមកលើគេ
២៧ ព្រះយេហូវ៉ាទ្រង់បានរំលើងគេ ពីស្រុកចេញ ដោយសេចក្តីខ្ញាល់ សេចក្តីឃោរឃៅ ហើយនឹងសេចក្តីក្តៅក្រហាយដ៏ជាខ្លាំងរបស់ទ្រង់ ហើយបានបោះគេចោលទៅក្នុងស្រុក១ទៀត ដូចជាមានសព្វថ្ងៃនេះ
២៨ ឯអស់ទាំងសេចក្តីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាទេ តែសេចក្តីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។