អេសេគាល
១
លោកអេសេគាលនិមិត្តឃើញសិរីរុងរឿងព្រះអម្ចាស់
១ នៅថ្ងៃ៥ខែអាសាធ ឆ្នាំទី៣០ កាលខ្ញុំនៅជាមួយនឹងពួកឈ្លើយ នៅមាត់ទន្លេកេបារ នោះមេឃក៏របើកឡើង ហើយខ្ញុំឃើញការជាក់ស្តែងពីព្រះ
២ រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
៣ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសេគាល ជាកូនប៊ូស៊ី ដែលជាសង្ឃ នៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ស្ថិតលើលោកនៅទីនោះ។
៤ ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ និងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ
៥ ហើយពីកណ្តាលនោះ ក៏មានចេញភាពដូចជាតួមានជីវិត៤រូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស
៦ គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤
៧ ឯជើងរាល់តួនោះ សុទ្ធតែត្រង់ បាតជើងក៏ដូចជាបាតជើងនៃកូនគោ ហើយភ្លឺព្រោងព្រាត ដូចជាលង្ហិនខាត់យ៉ាងភ្លឺ
៨ តួទាំងនោះមានដៃនៃមនុស្ស នៅក្រោមស្លាបគ្រប់ទាំង៤មុខ ឯមុខ និងស្លាបទាំងប៉ុន្មានរបស់តួទាំងនោះគឺយ៉ាងដូច្នេះ
៩ ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកបែរឡើយ
១០ ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មាន មុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ
១១ ឯមុខ ហើយនឹងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន
១២ គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ
១៣ ឯភាពនៃតួមានជីវិតទាំងនោះ គឺមើលទៅដូចជារងើកភ្លើង ហើយក៏ដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្តាលតួមានជីវិតទាំងនោះ ឯភ្លើងនោះក៏ភ្លឺចាំង ហើយមានផ្លេកបន្ទោរចេញពីភ្លើងនោះមក
១៤ តួមានជីវិតទាំងនោះ ក៏ហោះទៅមកមើលទៅដូចជាផ្លេកបន្ទោរ។
១៥ កាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះ ខ្ញុំក៏ឃើញកង់១ នៅលើដីក្បែរតួមានជីវិតទាំងនោះ សំរាប់មុខនិមួយៗគ្រប់ទាំង៤
១៦ ភាព និងបែបផែននៃកង់ទាំងនោះ ក៏មើលទៅដូចជាត្បូងបេរីល កង់ទាំង៤មានរាងដូចគ្នា ឯភាព និងសណ្ឋានវា ក៏មើលទៅដូចជាកង់១នៅក្នុងកង់១ទៀត
១៧ កាលណាវាទៅ នោះក៏ទៅទាំង៤មុខឥតបែរទៅខាងណាឡើយ
១៨ ឯខ្នងកង់នោះ ខ្ពស់គួរស្ញែងខ្លាច ហើយខ្នងកង់ទាំង៤នោះ មានភ្នែកនៅពេញជុំវិញ
១៩ កាលណាតួមានជីវិតទាំង៤បានហោះទៅ នោះកង់ទាំងនោះក៏អមទៅដែរ កាលណាតួមានជីវិតទាំង៤បានលើកឡើងផុតពីដីទៅ នោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នា
២០ នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ គឺវិញ្ញាណរបស់វាក៏ទៅកន្លែងដដែល កង់ទាំងនោះបានលើកឡើងអមទៅ ពីព្រោះវិញ្ញាណរបស់តួមានជីវិត ក៏នៅក្នុងកង់ដែរ
២១ កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយ ក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិត បាននៅជាប់ក្នុងកង់ដែរ។
២២ នៅពីលើក្បាលនៃតួមានជីវិត នោះមានដូចជាផ្ទៃមេឃ ដែលមើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ
២៣ ឯក្រោមផ្ទៃមេឃ នោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាប២ដែលបាំងខ្លួនម្ខាង ហើយស្លាប២ ដែលបាំងខ្លួនម្ខាងទៀត
២៤ កាលណាហោះទៅ នោះខ្ញុំឮសូរសន្ធឹកស្លាប ដូចជាសូរនៃទឹកធំ គឺដូចជាព្រះសូរសៀង នៃព្រះដ៏មានគ្រប់ព្រះចេស្តា ជាសូរគឹកកង ដូចជាសូរនៃកងទ័ព កាលណាតួទាំងនោះឈប់នៅ នោះក៏សំរបស្លាបចុះមកវិញ
២៥ កាលណាបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។
២៦ នៅពីលើផ្ទៃមេឃដែលនៅពីលើក្បាល នោះមានភាពជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមានទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ
២៧ ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះ ចុះទៅខាងក្រោម នោះខ្ញុំឃើញភាពមើលទៅដូចភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ
២៨ ឯរស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះ ក៏មានភាពដូចជាឥន្ទធនូដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា កាលខ្ញុំបានឃើញហើយនោះខ្ញុំក្រាបមុខចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានព្រះបន្ទូលមក។