២១
ដាវរបស់ព្រះអម្ចាស់
១ រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
២ កូនមនុស្សអើយ ចូរដំរង់មុខឯងទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
៣ ហើយប្រាប់ដល់ស្រុកអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើលអញទាស់ទទឹងនឹងឯង អញនឹងហូតដាវរបស់អញចេញពីស្រោម ហើយនិងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯងផង
៤ ដូច្នេះ ដោយព្រោះអញនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯង នោះដាវរបស់អញនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង
៥ នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញ គឺព្រះយេហូវ៉ា បានហូតដាវរបស់អញពីស្រោមចេញហើយ ដាវនោះនឹងមិនបានស៊កចូលទៅវិញទៀតឡើយ
៦ ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ ឯងនឹងត្រូវដកដង្ហើមធំនៅចំពោះភ្នែកគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់
៧ រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសំរេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
៨ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
៩ កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរថា ន៍ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
១០ ដាវនោះបានសំលៀង ដើម្បីនឹងសំឡេះយ៉ាងសន្ធឹក ក៏បានខាត់ឲ្យភ្លឺ ដើម្បីឲ្យបានដូចផ្លេកបន្ទោរ ដូច្នេះ តើគួរឲ្យយើងលេងសប្បាយឬអី ដំបងដែលវាយកូនអញ នោះមើលងាយគ្រប់ទាំងឈើផង
១១ ដាវនោះបានប្រគល់ដល់គេឲ្យខាត់ឲ្យភ្លឺ ដើម្បីនឹងដាក់នៅដៃនៃអ្នកដែលកាប់សំឡាប់ ដាវនោះបានសំលៀងហើយ អើ ក៏ខាត់ឲ្យភ្លឺផង ដើម្បីនឹងដាក់នៅដៃនៃគេ
១២ កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើរាស្ត្ររបស់អញ ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយនឹងរាស្ត្រអញ ដូច្នេះចូរទះភ្លៅឯងចុះ
១៣ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេចទៅ
១៤ ហេតុនោះកូនមនុស្សអើយ ចូរឯងទាយចុះ ហើយទះដៃផងនោះត្រូវឲ្យដាវបានកាប់ដល់២ដង ហើយ៣ដងទៅ គឺដាវនោះដែលកាប់សំឡាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេផង
១៥ អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសំរាប់កាប់សំឡេះ
១៦ ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងដំរង់មុខទៅ
១៧ អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្តីក្រោធរបស់អញសំរាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
ដាវរបស់ស្តេចស្រុកបាប៊ីឡូន
១៨ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
១៩ កូនមនុស្សអើយ ចូរឲ្យឯងតម្រូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង
២០ ចូរឯងតម្រូវឲ្យមានផ្លូវ១ សំរាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន
២១ ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម
២២ ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីនឹងរៀបគ្រឿងបុកទំលាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សំឡាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសំរាប់ទំលាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ
២៣ តែសាសន៍ឯងនឹងមើល សេចក្តីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ តែស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេបាន។
២៤ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងរាល់គ្នាបានរឭកពីអំពើទុច្ចរិតរបស់ខ្លួន ដោយបើកអំពើរំលងរបស់ខ្លួនឲ្យឃើញ ហើយអំពើបាបរបស់ខ្លួនក៏បានឃើញច្បាស់ ក្នុងគ្រប់ការដែលឯងធ្វើបានជាឯងនឹងត្រូវដៃគេចាប់បាន
២៥ ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
២៦ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ
២៧ អញនឹងធ្វើឲ្យត្រឡប់ត្រឡិន ត្រឡប់ត្រឡិនទៅ នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់អ្នកនោះ។
២៨ ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវរហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសំរាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញហើយឲ្យបានដូចជាផ្លេកបន្ទោរ
២៩ ក្នុងពេលដែលគេកំពុង តែឃើញការជាក់ស្តែងកំភូតសំរាប់ឯង ហើយកំពុងដែលគេទាយសេចក្តីកុហកដល់ឯងនោះ ដើម្បីឲ្យឯងបានដួលទៅលើកនៃពួកមនុស្សអាក្រក់ ដែលត្រូវរបួសដល់ស្លាប់ជាពួកអ្នកដែលថ្ងៃគេបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
៣០ ចូរឲ្យស៊កដាវទៅក្នុងស្រោមវិញ អញនឹងវិនិច្ឆ័យឯង នៅត្រង់កន្លែងដែលបានបង្កើតឯងមក គឺនៅក្នុងស្រុកកំណើតរបស់ឯង
៣១ អញនឹងចាក់សេចក្តីគ្នាន់ក្នាញ់របស់អញទៅលើឯង ហើយនឹងផ្លុំលើឯងដោយភ្លើងនៃសេចក្តីក្រោធរបស់អញ ក៏នឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ
៣២ ឯងនឹងត្រូវទុកជាឱសសំរាប់ភ្លើង ឈាមរបស់ឯងនឹងខ្ចាយនៅកណ្តាលស្រុក ឥតមានអ្នកណានឹកចាំពីឯងទៀតឡើយ ដ្បិតអញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។