៣៩
បរាជ័យរបស់ស្តេចកុក
១ ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ អញទាស់នឹងឯង
២ អញនឹងធ្វើឲ្យឯងបែរមក ហើយនាំឯងទៅមុខ ក៏នឹងបណ្តាលឲ្យឯងឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំឯងមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល
៣ អញនឹងវាយធ្នូចេញពីដៃឆ្វេងរបស់ឯង ហើយនឹងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំឯង
៤ ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
៥ ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
៦ អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
៧ អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
៨ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ការនោះកំពុងតែមក ហើយនឹងបានសំរេចជាពិត នេះហើយជាថ្ងៃដែលអញបានប្រាប់នោះ
៩ ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់៧ឆ្នាំ
១០ ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសំរាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
១១ គ្រានោះ អញនឹងឲ្យកន្លែង១ដល់ពួកកុក សំរាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល គឺជាច្រកភ្នំដែលមនុស្សដើរកាត់ទៅខាងកើតសមុទ្រ ច្រកនោះនឹងបិទខ្ទប់ពួកអ្នកដើរកាត់ ហើយនៅទីនោះគេនឹងកប់សាកសពនៃកុក និងពួកកកកុញរបស់វា គេនឹងហៅច្រកភ្នំនោះថា ហាមុន-កុក
១២ ពួកវង្សអ៊ីស្រាអែល នឹងកប់ខ្មោចអ្នកទាំងនោះអស់៧ខែ ទើបបានហើយ ដើម្បីនឹងសំអាតស្រុក
១៣ អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការកប់សពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលអញបានដំកើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
១៤ គេនឹងតម្រូវទុកមនុស្ស១ពួក ដែលត្រូវធ្វើការនោះជានិច្ច ឲ្យបានដើរចុះឡើងក្នុងស្រុក ជាមួយនឹងពួកអ្នកដែលដើរដំណើរទៅមក ដើម្បីនឹងកប់សពដែលសល់នៅលើដីប្រយោជន៍នឹងសំអាតស្រុកទៅ ក្រោយ៧ខែ នោះគេនឹងដើរពិនិត្យមើល
១៥ រួចពួកអ្នកដែលដើរចុះឡើង គេនឹងដើរទៅមកមើល បើឃើញឆ្អឹងខ្មោចមនុស្សណា នោះគេនឹងតាំងទីសំគាល់១នៅជិតខាង ទាល់តែពួកកប់ខ្មោចបានមកកប់ចោល នៅក្នុងច្រកភ្នំហាមុន-កុកទាំងអស់ទៅ
១៦ ហើយទីក្រុង១នឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសំអាតស្រុក។
១៧ ឯឯង កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរប្រាប់ដល់សត្វស្លាបគ្រប់យ៉ាង និងដល់អស់ទាំងសត្វព្រៃនៅផែនដីថា ចូរមូលគ្នាមក ចូរប្រជុំគ្នាពីគ្រប់ទិស មកឯយញ្ញបូជារបស់អញ ដែលអញធ្វើសំរាប់ឯងរាល់គ្នា ជាយញ្ញបូជាយ៉ាងធំ នៅលើអស់ទាំងភ្នំស្រុកអ៊ីស្រាអែល ដើម្បីឲ្យឯងបានស៊ីសាច់ ហើយផឹកឈាម
១៨ ឯងរាល់គ្នានឹងស៊ីសាច់របស់មនុស្សខ្លាំងពូកែ ហើយផឹកឈាមរបស់ពួកចៅហ្វាយនៅផែនដី ទាំងចៀមឈ្មោល កូនចៀម ពពែ និងគោផង សុទ្ធតែជាសត្វបំប៉នពីស្រុកបាសាន
១៩ ឯងរាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែតហើយផឹកឈាម ទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលអញធ្វើសំរាប់ឯង
២០ នៅតុអញ ឯងរាល់គ្នានឹងបានឆ្អែតដោយសាច់សេះ ពួករទេះចំបាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
២១ អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្តីយុត្តិធម៌របស់អញ ដែលបានសំរេចនោះ និងដៃអញដែលបានដាក់លើគេ
២២ យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ
២៣ ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងអញហើយ បានជាអញគេចមុខចេញពីគេ ដោយហេតុនោះ បានជាអញប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា
២៤ អញបានធ្វើដល់គេតាមសេចក្តីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។
២៥ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្តីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្តីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ
២៦ ឯក្រោយដែលគេបានរងទ្រាំសេចក្តីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងអញ ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
២៧ គឺក្នុងកាលដែលអញបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនអញជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន
២៨ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយអញបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្តាលអស់ទាំងសាសន៍រួចបានប្រមូលគេមក ក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ ក្នុងស្រុកទាំងនោះទៀត
២៩ អញក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតអញបានចាក់វិញ្ញាណអញទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។