៤៣
ព្រះអម្ចាស់វិលត្រឡប់មកទីសក្ការៈរបស់ព្រះអង្គវិញ
១ បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត
២ ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់
៣ នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ
៤ នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត
៥ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយមើល សិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
៦ ខ្ញុំក៏ឮព្រះមានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ មានទាំងមនុស្សនោះឈរនៅក្បែរខ្ញុំដែរ
៧ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
៨ ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើគេសាបសូន្យទៅ ដោយសេចក្តីកំហឹងរបស់អញ
៩ ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។
១០ ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្តីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង
១១ បើគេមានសេចក្តីខ្មាស ចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ចំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង
១២ នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
អំពីអាសនៈ
១៣ នេះជាទំហំនៃអាសនា ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនាបាន១ហត្ថទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាមនោះជាជើងនៃអាសនា
១៤ ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម នោះមាន២ហត្ថ និងទទឹង១ហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ នោះមាន២ហត្ថ និងទទឹង១ហត្ថ
១៥ ឯប្រទាសអាសនា នោះមាន៤ហត្ថ ហើយមានស្នែង៤ចេញពីអាសនាឡើងទៅ
១៦ ឯប្រទាសអាសនា នោះបណ្តោយ១២ហត្ថ ទទឹង១២ហត្ថ ៤ជ្រុងស្មើ
១៧ ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
១៨ រួចលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នេះជាច្បាប់សំរាប់អាសនា នៅវេលាណាដែលគេនឹងតាំងឡើង ដើម្បីនឹងថ្វាយដង្វាយដុត ហើយប្រោះឈាមទៅលើអាសនានោះ
១៩ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
២០ ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា
២១ ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
២២ លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សំរាប់ជាដង្វាយលោះបាប ហើយគេនឹងសំអាតអាសនា ដូចជាបានសំអាតដោយគោឈ្មោលនោះដែរ
២៣ កាលណាឯងបានសំអាតអាសនារួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត
២៤ ត្រូវឲ្យឯងនាំសត្វទាំង២នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
២៥ នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ និងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ
២៦ នៅគំរប់៧ថ្ងៃត្រូវឲ្យគេថ្វាយដង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា
២៧ កាលណាគេបានសំរេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយដង្វាយដុត និងដង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនានោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។