៩
ការដាក់ទោសក្រុងយេរូសាឡិម
១ លំដាប់នោះ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំ ដោយព្រះសៀងយ៉ាងខ្លាំងថា ចូរឲ្យពួកអ្នកដែលត្រួតត្រាការក្នុងទីក្រុងចូលមកជិតចុះ ត្រូវឲ្យគ្រប់គ្នាកាន់គ្រឿងប្រហាររបស់ខ្លួននៅដៃផង
២ នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន។
៣ ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅទៅដល់មាត់ទ្វារព្រះវិហារ ទ្រង់ក៏មានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
៥ ហើយទ្រង់មានព្រះបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ
៦ ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែកុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសំគាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
៧ ទ្រង់ក៏បង្គាប់ថា ចូរបង្អាប់វិហារចុះ ត្រូវសំឡាប់គេឲ្យទីលានបានពេញដោយសាកសពទៅចូរចេញទៅចុះ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង
៨ កាលគេកំពុងតែសំឡាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្តីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡិមឬអី។
៩ ទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា សេចក្តីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល និងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្តីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
១០ រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ
១១ នោះមើល មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកចែងថា ទូលបង្គំបានធ្វើសំរេចតាមបង្គាប់ទ្រង់ហើយ។