សំបុត្ររបស់ប៉ុលដល់ពួក
អេភេសូរ
១
សេចក្តីផ្តើម
១ សំបុត្រប៉ុលខ្ញុំ ជាសាវ័ករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ព្រះពរដ៏លើសលប់ដែលព្រះប្រទានដល់អ្នកជឿ
៣ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
៤ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់
៥ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់
៦ ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
៧ ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
៨ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា និងដំរិះសព្វគ្រប់
៩ ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់
១០ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង
១១ ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានតម្រូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់
១២ ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់
១៣ ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា
១៤ ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្តីសរសើរដល់សិរីល្អនៃទ្រង់។
ពាក្យអធិស្ឋានរបស់ប៉ុល
១៥ ដោយហេតុនោះ កាលខ្ញុំឮនិយាយពីសេចក្តីជំនឿ ដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនិងពីសេចក្តីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា
១៦ នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ
១៧ ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់
១៨ ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង
១៩ ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ
២០ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់
២១ ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង
២២ ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់
២៣ គឺជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។