៤
ការរួបរួមរបស់គ្រីស្ទបរិស័ទ
១ ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ
២ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់
៣ ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង
៤ មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្តីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ
៥ មានព្រះអម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១
៦ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់
៧ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ
៨ បានជាទ្រង់មានព្រះបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»
៩ តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ
១០ ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់
១១ ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវ័ក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
១២ ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង
១៣ ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ
១៤ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្តីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
១៥ តែដោយកាន់តាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ
១៦ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។
ជីវិតចាស់ និងជីវិតថ្មី
១៧ ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ
១៨ គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង
១៩ គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្តីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្តីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ
២០ តែអ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេ
២១ នោះគឺបើតិចណាស់អ្នករាល់គ្នាបានឮ ហើយរៀននឹងទ្រង់ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវដែរ
២២ ថាខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ
២៣ ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង
២៤ ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ។
២៥ ដូច្នេះ ដែលបានដោះសេចក្តីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក
២៦ ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ
២៧ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ
២៨ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង
២៩ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់
៣០ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ
៣១ ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ
៣២ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។