៧
១ ដូច្នេះ ស្តេច និងហាម៉ាន ក៏ចូលទៅសោយជាមួយនឹងអេសធើរ ជាអគ្គមហេសី
២ ហើយនៅថ្ងៃទី២នោះកំពុងពេលលៀងស្រាទំពាំងបាយជូរ នោះស្តេចទ្រង់មានព្រះបន្ទូលនឹងអេសធើរម្តងទៀតថា អេសធើរ អគ្គមហេសីអើយ ព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែនឹងបានសំរេចឲ្យ
៣ នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្តីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផងតាមសេចក្តីបំណងរបស់ខ្ញុំម្ចាស់
៤ ដ្បិតមានគេលក់ខ្ញុំម្ចាស់ និងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ
៥ ស្តេចអ័ហាស៊ូរុសទ្រង់មានព្រះបន្ទូលសួរព្រះនាងអេសធើរ ជាអគ្គមហេសីថា តើអ្នកណាដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា
៦ នោះអេសធើរទូលតបថា នុ៎ះន៍ អ្នកដែលធ្វើទុក្ខ ហើយស្អប់ដល់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះឯង ដូច្នេះ ហាម៉ានក៏ភ័យស្លុត នៅចំពោះស្តេច និងអគ្គមហេសី
៧ ឯស្តេចទ្រង់មានសេចក្តីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ
៨ បានជាផ្តួលខ្លួនក្រាបចុះនៅលើព្រះទែន ដែលអេសធើរផ្អែក ខណៈនោះឯង ស្តេចទ្រង់យាងត្រឡប់ពីសួនច្បារចូលមកក្នុងទីលៀងវិញ ឃើញដូច្នោះ ក៏មានព្រះបន្ទូលថា យើះ វាគិតទាំងបង្ខូចអគ្គមហេសីអញ នៅមុខអញក្នុងដំណាក់ផងឬ កាលស្តេចកំពុងមានព្រះបន្ទូលនៅឡើយ នោះគេក៏គ្របមុខហាម៉ាន
៩ រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានព្រះបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ
១០ គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្តីក្រោធរបស់ស្តេចក៏ស្ងប់បង់។