២០
បញ្ញត្តទាំងដប់ប្រការ
១ នោះព្រះទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនេះថា
២ អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។
៣ កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។
៤ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង
៥ ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាម នោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ
៦ តែអញផ្តល់សេចក្តីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់អញទាំងប៉ុន្មានវិញ។
៧ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។
៨ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ
៩ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ
១០ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី
១១ ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។
១២ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
១៣ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។
១៤ កុំឲ្យផិតគ្នាឲ្យសោះ។
១៥ កុំឲ្យលួចប្លន់ឲ្យសោះ។
១៦ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។
១៧ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
១៨ កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
១៩ គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់
២០ ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ
២១ ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។
ក្រឹត្យវិន័យស្តីអំពីអាសនា
២២ ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក
២៣ ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
២៤ ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត និងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្តីរំឭកដល់ឈ្មោះអញ
២៥ បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ
២៦ ក៏កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯអាសនាអញឡើយ ក្រែងគេឃើញកេរ្តិ៍ខ្មាសឯង។