២៨
សំលៀកបំពាក់របស់សង្ឃ
១ រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន និងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
២ ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ
៣ ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ
៤ ឯសំលៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ នោះគឺប្រដាប់បាំងទ្រូង១ អេផូឌ១ អាវវែង១ អាវខ្លីប៉ាក់១ មួក១ ហើយនឹងខ្សែក្រវាត់១
៥ ត្រូវឲ្យយកមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ដើម្បីធ្វើសំលៀកបំពាក់បរិសុទ្ធទាំងនោះ សំរាប់អើរ៉ុន បងឯង និងឲ្យកូនលោកផង ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ។
៦ ត្រូវឲ្យធ្វើអេផូឌពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ
៧ ត្រូវមានខ្សែស្មា២ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា
៨ ឯខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសំរាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
៩ រួចត្រូវយកថ្មអូនីក្ស២ដុំ ធ្លាក់ចុះអស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល
១០ ត្រូវឲ្យមានឈ្មោះ៦នៅថ្ម១ដុំ ហើយឈ្មោះ៦នៅថ្ម១ដុំទៀត តាមកំណើតគេគ្រប់គ្នា
១១ ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស
១២ ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្តីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះអើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្តីរំឭកនៅចំពោះព្រះយេហូវ៉ា
១៣ ត្រូវឲ្យធ្វើគ្រោងមាសសំរាប់ដាំថ្ម
១៤ ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។
១៥ ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
១៦ ត្រូវឲ្យបាន៤ជ្រុងស្មើ បត់ជា២ផ្នត់ បណ្តោយ១ចំអាម ទទឹង១ចំអាម
១៧ ហើយត្រូវដាំត្បូង៤ជួរនៅប្រដាប់នោះ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ និងបារកេត១
១៨ ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១
១៩ ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
២០ ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងមណីជោតិ១ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស
២១ ត្រូវតែមានត្បូង១២ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា ឯគ្រប់តែត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះពូជអំបូរទាំង១២នោះ
២២ ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង
២៣ ត្រូវធ្វើក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងដែរ
២៤ ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង
២៥ ហើយចងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ
២៦ ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ
២៧ ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ
២៨ ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ
២៩ ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្តីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច
៣០ ត្រូវដាក់យូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
សំលៀកបំពាក់សក្ការៈផ្សេងទៀត
៣១ ឯអាវវែងផងអេផូឌ នោះត្រូវឲ្យធ្វើពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់
៣២ នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ
៣៣ នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស
៣៤ គឺចង្ក្រង់មាស១ ផ្លែទទឹម១ ចង្ក្រង់មាស១ ផ្លែទទឹម១ តាមជុំវិញជាយអាវវែងនោះ
៣៥ អើរ៉ុនត្រូវពាក់អាវវែងនោះ សំរាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ទេ។
៣៦ ត្រូវធ្វើស្លាកមាសសុទ្ធ១ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា»
៣៧ ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន
៣៨ នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។
៣៩ ត្រូវឲ្យធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
៤០ ឯពួកកូនរបស់អើរ៉ុន នោះត្រូវឲ្យឯងធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់គេដែរ ដើម្បីជាកិត្តិយស និងជាភាពលំអដល់គេ
៤១ ត្រូវបំពាក់ឲ្យអើរ៉ុនបងឯង និងកូនលោកផង រួចត្រូវចាក់ប្រេងតាំងគេឡើង ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យបានធ្វើការងារជាសង្ឃដល់អញ
៤២ ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរ្តិ៍ខ្មាសគេ
៤៣ អើរ៉ុន និងកូនលោកត្រូវស្លៀកខោនោះ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅឯអាសនា នឹងធ្វើការងារក្នុងទីបរិសុទ្ធ ដូច្នេះគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ នេះឯងជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជដំណរបស់លោកតរៀងទៅ។