៣៣
ព្រះយេហូវ៉ាបញ្ជាឲ្យកូនចៅអ៊ីស្រាអែលបន្តដំណើរទៅមុខ
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ
២ អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ
៣ ឯងនឹងឡើងទៅឯស្រុក១ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ តែអញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឲ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង។
៤ កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ
៥ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាជាមនុស្សមានក្បាលរឹង បើអញឡើងទៅកណ្តាលឯងរាល់គ្នាតែ១ភ្លែត នោះនឹងធ្វើឲ្យវិនាសអស់ហើយ ដូច្នេះចូរឯងរាល់គ្នាដោះគ្រឿងលំអពីខ្លួនចេញឥឡូវ ដើម្បីឲ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា
៦ នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលំអទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប។
ត្រសាលជំនុំ
៧ ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ
៨ កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ
៩ គ្រាដែលម៉ូសេចូលផុតទៅហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសន្ទនានឹងម៉ូសេ
១០ ឯបណ្តាជនគេឃើញបង្គោលពពកសណ្ឋិតនៅត្រង់មាត់ទ្វារត្រសាលជំនុំ ក៏ក្រោកឡើងថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន
១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន រួចលោកត្រឡប់មកដល់ទីដំឡើងត្រសាលគេវិញ តែយ៉ូស្វេកូននុន ជាជំនួយការរបស់លោក ដែលនៅកំឡោះនៅឡើយ មិនបានចេញពីត្រសាលជំនុំមកទេ។
ព្រះយេហូវ៉ាសន្យាគង់ជាមួយរាស្ត្ររបស់ព្រះអង្គ
១២ ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណា ឲ្យទៅជាមួយសោះ ទ្រង់បានមានព្រះបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង
១៣ ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង
១៤ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក
១៥ ម៉ូសេក៏ទូលថា បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ
១៦ ដ្បិតតើធ្វើដូចម្តេចឲ្យដឹងថា ទូលបង្គំ ហើយនឹងរាស្ត្រទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ទៅបាន តើមិនមែនដោយទ្រង់យាងទៅ ជាមួយនឹងយើងខ្ញុំទេឬអី យ៉ាងនោះឯង យើងខ្ញុំ គឺខ្លួនទូលបង្គំ និងរាស្ត្ររបស់ផងទ្រង់ និងបានញែកចេញពីអស់ទាំងសាសន៍ឯទៀតដែលនៅផែនដីនេះ។
១៧ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្តី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង
១៨ លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង
១៩ រួចទ្រង់មានព្រះបន្ទូលតបថា អញនឹងឲ្យអស់ទាំងសេចក្តីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» នៅមុខឯងផង អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្តីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ
២០ ទ្រង់ក៏មានព្រះបន្ទូលថា ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ
២១ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មើល មានកន្លែងនេះជាទីនៅជិតអញ ត្រូវឲ្យឯងឈរនៅលើថ្មដានេះចុះ
២២ កំពុងដែលសិរីល្អរបស់អញកាត់នៅមុខឯង នោះអញនឹងដាក់ឯងទៅក្នុងទីក្រហែងថ្ម១ ហើយនឹងបាំងឯងដោយដៃដរាបដល់អញបានទៅហួស
២៣ រួចអញនឹងដកដៃអញចេញ ឲ្យបានឃើញអញពីខាងខ្នងវិញ ឥតឃើញមុខឡើយ។