៣៦
១ ដូច្នេះ បេតសាលាល និងអូហូលីអាប់ ហើយអស់អ្នកចំណានការ ដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ហើយនឹងយោបល់ឲ្យចេះធ្វើការគ្រប់មុខ គេនឹងធ្វើអស់ទាំងប្រដាប់ ដែលសំរាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
២ ម៉ូសេក៏ហៅបេតសាលាល និងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ
៣ ម៉ូសេក៏ប្រគល់អស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ សំរាប់ការស្អាងទីបរិសុទ្ធ ដល់អ្នកទាំងនោះ ហើយរាល់តែព្រឹកគេចេះតែយកដង្វាយថ្វាយស្ម័គ្រពីចិត្ត មកជូនម៉ូសេជានិច្ច
៤ នោះអស់អ្នកចំណានការដែលកំពុងតែធ្វើទីបរិសុទ្ធ គេឈប់ធ្វើការគ្រប់គ្នា
៥ ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ
៦ នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុសឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះគេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត
៧ ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
ការសង់រោងឧបោសថ
៨ រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ
៩ ឯសំពត់១ផ្ទាំងនោះ មានបណ្តោយ២៨ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
១០ គាត់ក៏ដេរ៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៥ទៀតក៏ដេរភ្ជាប់គ្នាដែរ
១១ រួចគាត់ធ្វើខ្សែក្រវិលខៀវតាមជាយសំពត់ នៅចុងផ្ទាំងសំពត់ទី១ ក៏ធ្វើដូចគ្នាតាមជាយសំពត់ នៅផ្ទាំងទី២
១២ គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់ទី១ ហើយក៏ធ្វើខ្សែក្រវិល៥០ នៅចុងផ្ទាំងទី២ដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់
១៣ គាត់ធ្វើទំពក់មាស៥០ ហើយភ្ជាប់ផ្ទាំងសំពត់ទាំង២ជាមួយគ្នា ដោយសារទំពក់នោះ ដូច្នេះរោងឧបោសថបានភ្ជាប់គ្នាតែ១។
១៤ រួចគាត់ធ្វើសំពត់១១ផ្ទាំង ពីរោមពពែ សំរាប់គ្របលើរោងឧបោសថ
១៥ សំពត់១ផ្ទាំងនោះ មានបណ្តោយ៣០ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
១៦ គាត់យកសំពត់៥ផ្ទាំង ដេររួមគ្នាជា១ផ្នែក ហើយ៦ទៀតក៏ដេររួមគ្នាជា១ផ្នែកដែរ
១៧ គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់នៅចុងផ្ទាំងទី១ ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ នៅចុងផ្ទាំងទី២
១៨ រួចធ្វើទំពក់លង្ហិន៥០ សំរាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែ១។
១៩ គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។
២០ គាត់ធ្វើក្តារសំរាប់រោងឧបោសថ ជាក្តារឈើនាងនួនដាក់បញ្ឈរ
២១ ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
២២ នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
២៣ គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
២៤ ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ
២៥ គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ
២៦ រាល់តែក្តារ មានជើងពីរៗ
២៧ គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច
២៨ ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង
២៩ ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា
៣០ ដូច្នេះ មានក្តារ៨ និងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ
៣១ ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង
៣២ ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត និងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច
៣៣ ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង
៣៤ រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ព្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។
៣៥ គាត់ត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ
៣៦ គាត់ធ្វើសសរ៤ពីឈើនាងនួន ស្រោបដោយមាស សំរាប់វាំងនននោះ ហើយមានទំពក់មាសនៅសសរទាំងនោះ រួចគាត់សិតជើងប្រាក់៤សំរាប់ទ្រសសរទាំងនោះ។
៣៧ គាត់ក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សំរាប់មាត់ទ្វារត្រសាល
៣៨ ហើយគាត់ធ្វើសសរ៥ និងទំពក់សំរាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំង៥ នោះធ្វើពីលង្ហិនវិញ។