៣៨
អាសនាថ្វាយយញ្ញបូជា និងអាងសំរាប់ធ្វើពិធីជំរះកាយ
១ គាត់ស្អាងអាសនាដង្វាយដុតពីឈើនាងនួនមានបណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ
២ នៅជ្រុងទាំង៤ គាត់ធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន
៣ គាត់ធ្វើប្រដាប់ទាំងប៉ុន្មានសំរាប់អាសនា គឺជាប្រដាប់ដាក់ផែះ ចបចូក ផើង សម ហើយនឹងជើងក្រានដែរ នោះសុទ្ធតែធ្វើពីលង្ហិនទាំងអស់
៤ គាត់ធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលរបស់កំពស់អាសនា
៥ រួចសិតធ្វើកង៤ដាក់នៅប្រទាសលង្ហិនទាំង៤ជ្រុង សំរាប់នឹងព្រហកឈើស្នែងសែងទៅ
៦ ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបដោយលង្ហិន
៧ គាត់ព្រហកឈើស្នែងចូលក្នុងកងទាំងប៉ុន្មាន នៅសងខាងអាសនា សំរាប់នឹងសែងទៅឯអាសនានោះ គាត់ធ្វើឲ្យខូងពីក្តារ។
៨ គាត់ក៏ធ្វើចានក្លាំពីលង្ហិន ព្រមទាំងជើងនៃចានក្លាំដែរ គឺធ្វើពីកញ្ចក់របស់ស្រីៗដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
ទីលាន
៩ គាត់ធ្វើទីលាន ឯនៅខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ សំរាប់បាំងទីលានប្រវែង១០០ហត្ថ
១០ មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ
១១ នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ និងជើងលង្ហិន២០ មានទាំងទំពក់ និងគន្លឹះធ្វើពីប្រាក់ដែរ
១២ នៅខាងលិច មានរនាំងប្រវែង៥០ហត្ថ មានសសរ១០ និងជើង១០ មានទាំងទំពក់សសរ និងគន្លឹះធ្វើពីប្រាក់ដែរ
១៣ ឯនៅខាងកើតក៏មានទទឹង៥០ហត្ថដូចគ្នា
១៤ តែនៅ១ចំហៀង មានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣
១៥ ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣ដូចគ្នា
១៦ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់
១៧ អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរ និងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់
១៨ រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
១៩ សសរទាំង៤ និងជើងទាំង៤សំរាប់រនាំងក៏ធ្វើពីលង្ហិន ឯទំពក់ និងគន្លឹះនោះបានធ្វើពីប្រាក់វិញ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ
២០ ចំណែកអស់ទាំងចំរ៉ឹង សំរាប់រោងឧបោសថ និងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
២១ នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្តីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី
២២ ឯបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា គាត់បានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
២៣ មានទាំងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ក្នុងពូជអំបូរដាន់មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងការចំឡាក់ ហើយខាងបង្កើតការថ្មី និងខាងធ្វើសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត
២៤ ឯមាសទាំងប៉ុន្មានដែលគេបានថ្វាយសំរាប់នឹងប្រើធ្វើអស់ទាំងការស្អាងទីបរិសុទ្ធ នោះមានចំនួន២៩ហាប៧៣០ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
២៥ ហើយប្រាក់របស់អស់អ្នកក្នុងពួកជំនុំដែលបានរាប់ដាក់បញ្ជី នោះមានចំនួន១០០ហាប១៧៧៥ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
២៦ គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់
២៧ ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប
២៨ គេក៏យកប្រាក់១៧៧៥ដំឡឹងទៅធ្វើជាទំពក់ និងគន្លឹះទាំងប៉ុន្មានសំរាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា
២៩ ឯលង្ហិនដែលគេបានថ្វាយ នោះមានចំនួន៧០ហាប២៤០០ដំឡឹង
៣០ លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន និងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ
៣១ អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន និងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។