២០
ប្រសាសន៍លើកទីពីររបស់លោកសូផារ: ទុក្ខវេទនារបស់មនុស្សអាក្រក់
១ នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
២ គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្តីរួសរាន់នៅក្នុងចិត្តខ្ញុំ
៣ ខ្ញុំបានឮសេចក្តីបន្ទោសនោះ ដែលជាសេចក្តីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្តីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
៤ តើអ្នកមិនបានដឹងសេចក្តីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
៥ នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្តីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ
៦ ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
៧ គង់តែនឹងត្រូវវិនាសទៅជានិច្ចដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា
៨ គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
៩ នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ
១០ កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ
១១ ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។
១២ ទោះបើសេចក្តីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្តីនោះនៅក្រោមអណ្តាត
១៣ ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ
១៤ គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ
១៥ គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ
១៦ គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ ដោយសារអណ្តាតពស់វែក
១៧ គេនឹងលែងមើលទឹកឃ្មុំ ដែលហូរដូចទឹកទន្លេ និងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត
១៨ អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ
១៩ ពីព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះ១ដែលខ្លួនមិនបានសង់ផង។
២០ មុខជាគ្មានសេចក្តីសុខនៅក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ
២១ គ្មានសល់អ្វី ដែលគេមិនត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្តីចំរើនរបស់គេនឹងមិនស្ថិតស្ថេរឡើយ
២២ កាលណាដល់កំពូលនៃសេចក្តីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្តីលំបាកនឹងមកលើគេ
២៣ ព្រះទ្រង់នឹងបោះសេចក្តីក្រោធយ៉ាងដ៏សហ័ស មកសំរាប់ចំអែតពោះគេ ហើយនឹងទំលាក់មកលើគេ ទុកសំរាប់ជាអាហារ
២៤ គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទំលុះខ្លួន
២៥ គេនឹងដកចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្តីតក់ស្លុតនឹងកើតមានឡើងដល់គេ
២៦ អស់ទាំងសេចក្តីងងឹតបានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង
២៧ ឯផ្ទៃមេឃក៏នឹងសំដែងពីសេចក្តីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ
២៨ ផលចំរើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅនៅថ្ងៃនៃសេចក្តីក្រោធរបស់ទ្រង់
២៩ នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។