៦
យ៉ូបរអ៊ូរទាំនឹងមិត្តភក្តិរបស់លោក
១ នោះយ៉ូបលោកឆ្លើយឡើងថា
២ ឱបើសេចក្តីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្តីទុក្ខលំបាករបស់ខ្ញុំទៅអេះ
៣ នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ
៤ ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្តីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ
៥ បើលាព្រៃមានស្មៅស៊ីតើវាស្រែកដែរឬ តើគោរោទ៍កំពុងដែលស៊ីចំបើងឬ
៦ ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ
៧ សេចក្តីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
៨ ឱបើសិនជាខ្ញុំនឹងបានដូចសេចក្តីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ
៩ គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ
១០ យ៉ាងនោះខ្ញុំនឹងនៅមានសេចក្តីរដោះទុក្ខ ខ្ញុំនឹងមានសេចក្តីរីករាយក្នុងសេចក្តីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ
១១ តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់
១២ តើកំឡាំងខ្ញុំជាកំឡាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ
១៣ នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។
១៤ ឯអ្នកណាដែលកំពុងតែរងទុក្ខវេទនា នោះគួរឲ្យមិត្រសំឡាញ់ខ្លួនសំដែងសេចក្តីអាណិតអាសូរដែរ ទោះបើជាអ្នកដែលលែងកោតខ្លាច ដល់ព្រះដ៏មានគ្រប់ព្រះចេស្តាក៏ដោយ
១៥ ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្តដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ
១៦ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ
១៧ លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ពីកន្លែងអស់រលីង
១៨ ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ
១៩ ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ
២០ គេមានសេចក្តីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត
២១ គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្តីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត
២២ តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី
២៣ តើបានថា សូមជួយឲ្យខ្ញុំរួចពីកណ្តាប់ដៃនៃពួកសត្រូវ ឬថា សូមលោះខ្ញុំពីកណ្តាប់ដៃនៃអ្នកដែលសង្កត់សង្កិនឬអី។
២៤ សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
២៥ ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្តីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ
២៦ ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី
២៧ អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្រសំឡាញ់ខ្លួនផង
២៨ ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ
២៩ សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្តីអយុត្តិធម៌ឡើយ អើ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្តីសុចរិតទេ
៣០ តើមានសេចក្តីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្តីខូចកាចទេឬអី។