៨
ប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស
១ នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា
២ តើអ្នកនឹងពោលសេចក្តីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ
៣ តើព្រះទ្រង់ដែលបង្វែរសេចក្តីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្តីសុចរិតដែរឬ
៤ បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្តីកំហុសរបស់វា
៥ បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
៦ បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចំរើនផង
៧ យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។
៨ ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្តី ដែលពួកឰយុកោគេបានស្វែងរកឲ្យចេះចុះ
៩ ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
១០ ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី
១១ តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ
១២ កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត
១៣ ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្តីសង្ឃឹមរបស់មនុស្សទមិលល្មើសនឹងត្រូវវិនាសទៅដែរ
១៤ ជាពួកមនុស្សដែលទីពឹងរបស់គេនឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមងនៃពីងពាងប៉ុណ្ណោះ
១៥ អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ
១៦ អ្នកនោះខៀវខ្ចី នៅក្រោមពន្លឺថ្ងៃ ក៏បែកមែកលូតទៅក្នុងសួនច្បារ
១៧ ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម
១៨ បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា អញមិនបានឃើញឯងទេ
១៩ មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង
២០ មើល ព្រះទ្រង់មិនដែលលះបង់មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ
២១ ដល់ចុងបំផុត ទ្រង់នឹងឲ្យមាត់អ្នកបានពេញដោយសេចក្តីសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើង ដោយអំណរវិញ
២២ ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្តីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។