យ៉ូណាស
១
ព្រះអម្ចាស់ចាត់លោកយ៉ូណាសទៅក្រុងនីនីវេ
១ រីឯព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាស ជាកូនអ័មីថាយថា
២ ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ
៣ ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។
៤ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ
៥ ឯពួកជើងឈ្នួលក៏ស្លុតចិត្ត ហើយគ្រប់គ្នាបានអំពាវនាវ ដល់ព្រះរបស់ខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងនាវាចោលទៅក្នុងសមុទ្រ ដើម្បីនឹងធ្វើឲ្យនាវាបានស្រាលឡើង ឯយ៉ូណាសលោកបានចុះទៅដេកនៅខាងក្នុងនាវា ហើយក៏លក់ស៊ប់ទៅ
៦ ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ
៧ រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស
៨ រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី
៩ នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ និងដីគោកផង
១០ ដូច្នេះ គេមានសេចក្តីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។
១១ រួចគេសួរលោកថា ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើង
១២ លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង
១៣ ប៉ុន្តែគេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯច្រាំងវិញ តែមិនបានទេ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើងទាស់នឹងគេ
១៤ ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទំលាក់ទោសជាកំចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសំរេចការតាមដែលគាប់ព្រះហឫទ័យទ្រង់
១៥ គេក៏ចាប់យ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ
១៦ ដូច្នេះមនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។