២
យ៉ូស្វេចាត់អ្នកស៊ើបការណ៍ទៅក្រុងយេរីខូរ
១ យ៉ូស្វេ ជាកូននុន លោកចាត់អ្នកស៊ើបការសំងាត់២នាក់ ឲ្យចេញពីស៊ីទីមទៅ ដោយប្រាប់ថា ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូរផង គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីសំផឹងម្នាក់ ឈ្មោះរ៉ាហាប
២ ខណៈនោះ មានគេទូលដល់ស្តេចក្រុងយេរីខូរថា មើល នៅយប់នេះ មានមនុស្សសាសន៍អ៊ីស្រាអែលខ្លះបានចូលមក ដើម្បីនឹងសង្កេតមើលស្រុកនេះ
៣ នោះស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅបង្គាប់រ៉ាហាបថា ចូរនាំមនុស្ស ដែលចូលមកស្នាក់នៅផ្ទះឯងនោះចេញមក ដ្បិតគេបានមក ដើម្បីនឹងដើរសង្កេតមើលពេញក្នុងស្រុកនេះ
៤ តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ
៥ លុះជិតដល់ពេលបិទទ្វារក្រុង កាលងងឹតហើយ នោះស្រាប់តែគេចេញបាត់ទៅ ខ្ញុំឥតបានដឹងជាគេទៅឯណាទេ ដូច្នេះចូរដេញតាមគេជាប្រញាប់ទៅ ដ្បិតមុខជានឹងតាមគេទាន់
៦ តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ
៧ ដូច្នេះគេក៏ដេញតាមអ្នកទាំង២តាមផ្លូវទៅឯទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង កាលពួកអ្នកដែលដេញតាម បានចេញទៅផុតហើយ នោះក៏បិទទ្វារក្រុង។
៨ រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល
៩ និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះ ដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្តីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានឆ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ
១០ ដ្បិតយើងបានឮពីការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុនហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ
១១ កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង
១២ ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសំគាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង
១៣ ឲ្យខ្ញុំដឹងថា អ្នករាល់គ្នានឹងទុកជីវិតដល់ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំ ព្រមទាំងវង្សាគាត់ដែរ ដោយជួយដោះយើងខ្ញុំឲ្យរួចពីស្លាប់
១៤ រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើង និងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។
១៥ នាងក៏សំរូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ
១៦ ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ
១៧ អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្តីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ
១៨ គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសំរូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ និងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា
១៩ បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងធ្លាក់មកលើយើងវិញ
២០ ម្យ៉ាងទៀតបើនាងបំបែកការនេះពីរឿងយើង នោះយើងក៏រួចពីសម្បថនេះដែរ
២១ នាងឆ្លើយតបថា សូមសំរេចដូចជាពាក្យអ្នកចុះ ដូច្នេះនាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។
២២ អ្នកទាំង២ក៏ចេញទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់៣ថ្ងៃ កំពុងដែលពួកអ្នកដេញតាម បានពិនិត្យរកគ្រប់សព្វតាមផ្លូវឥតមានឃើញសោះ ហើយបានត្រឡប់វិលទៅវិញ
២៣ នោះទើបអ្នកទាំង២បែរចុះពីភ្នំឆ្លងទៅដល់យ៉ូស្វេ ជាកូននុន ទៅរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការ ដែលបានកើតមកដល់គេ
២៤ គេជំរាបយ៉ូស្វេថា ព្រះយេហូវ៉ាទ្រង់បានប្រគល់ស្រុកនោះទាំងមូល មកក្នុងកណ្តាប់ដៃយើងហើយ ពួកអ្នកស្រុកនោះទាំងប៉ុន្មាន គេកំពុងតែរលាយចេញពីមុខយើងរាល់គ្នាទៅ។