៤
នាម៉ឺនមន្ត្រីរបស់ស្តេចសាឡូម៉ូន
១ រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
២ ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ
៣ អេលីហូរែប នឹងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
៤ បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក និងអ័បៀថើរជាសង្ឃ
៥ អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច
៦ អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។
៧ សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសំរាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ
៨ ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១
៩ បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស និងស្រុកហេឡូន-បេត-ហាណាន១
១០ បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ និងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ)
១១ បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ)
១២ ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម
១៣ បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន)
១៤ អ័ហ៊ីណាដាប់ ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម១
១៥ អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
១៦ ប្អាណា ជាកូនហ៊ូសាយ នៅខែត្រអេស៊ើរ និងស្រុកអាឡូត១
១៧ យេហូសាផាត ជាកូនផារូអា នៅខែត្រអ៊ីសាខារ១
១៨ ស៊ីម៉ាយ ជាកូនអេឡា នៅខែត្របេនយ៉ាមីន១
១៩ កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី និងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
២០ ឯពួកយូដា និងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ
២១ ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
២២ ឯស្បៀងអាហារដែលចាត់ចែងសំរាប់ព្រះរាជវាំងក្នុង១ថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្ត៣០រង្វាល់ ម្សៅធម្មតា៦០រង្វាល់
២៣ គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ និងសត្វស្លាបធាត់ៗផង
២៤ ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសា រហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្តីសុខនៅគ្រប់ទិសជុំវិញ
២៥ ពួកយូដា និងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
២៦ ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់
២៧ ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ស្តេចសាឡូម៉ូន និងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ
២៨ បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក និងចំបើងសំរាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
ប្រាជ្ញាញាណរបស់ស្តេចសាឡូម៉ូន
២៩ ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ
៣០ ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង
៣១ ដ្បិតទ្រង់មានប្រាជ្ញា លើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត ហើយលើសជាងហេម៉ាន កាល់កូល នឹងដារដា ជាកូនទាំង៣របស់ ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ ក៏ឮសុសសាយទួទៅក្នុងគ្រប់ទាំងនគរនៅជុំវិញ
៣២ ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចំរៀង១ពាន់៥បទ
៣៣ ទ្រង់មានព្រះបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកកំផែង ក៏មានព្រះបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង
៣៤ មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់។