៤
ហោរាអេលីសេជួយស្ត្រីមេម៉ាយម្នាក់
១ រីឯមានស្ត្រីម្នាក់ ជាប្រពន្ធនៃពួកសិស្ស របស់ពួកហោរាម្នាក់ នាងបានស្រែកដល់អេលីសេថា ប្តីខ្ញុំ ជាអ្នកបំរើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបំរើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនខ្ញុំទាំង២ទៅធ្វើជាបាវបំរើ
២ អេលីសេសួរនាងថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក សូមប្រាប់ខ្ញុំចុះ តើអ្នកមានអ្វីនៅផ្ទះ នាងឆ្លើយតបថា នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេង១ប៉ុណ្ណោះ
៣ ដូច្នេះ លោកប្រាប់ថា ចូរអ្នកចេញទៅខ្ចីភាជនៈ ពីពួកអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈ ដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ
៤ រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង
៥ ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់
៦ លុះភាជនៈទាំងនោះបានពេញហើយ នោះនាងបង្គាប់កូនថា ចូរហុច១ទៀតមកឲ្យអញ តែកូនឆ្លើយតបថា មានតែប៉ុណ្ណឹងទេ នោះប្រេងក៏ឈប់ហូរទៅ
៧ នាងក៏ទៅជំរាបដល់អ្នកសំណប់របស់ព្រះ ហើយលោកប្រាប់ថា ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និងកូនចុះ។
ហោរាអេលីសេនៅភូមិស៊ូណែម
៨ មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង
៩ នាងក៏និយាយនឹងប្តីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
១០ សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សំរាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ
១១ ក្រោយមក មានកាល១ថ្ងៃលោកក៏មកដល់ ហើយចូលទៅសំរាន្តក្នុងបន្ទប់នោះ
១២ លោកប្រាប់កេហាស៊ី ជាអ្នកបំរើលោកថា ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក កាលបានហៅស្ត្រីមកដល់ហើយ នោះនាងឈរនៅចំពោះលោក
១៣ រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
១៤ លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្តីក៏ចាស់ផង
១៥ លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ
១៦ ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។
១៧ ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសំរាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់
១៨ កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃវាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត
១៩ នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបំរើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ
២០ អ្នកនោះក៏បីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ រួចស្លាប់ទៅ
២១ ម្តាយក៏ឡើងទៅ ដាក់វាផ្តេកនៅលើដំណេកនៃអ្នកសំណប់របស់ព្រះ ហើយបិទទ្វារចេញទៅ
២២ រួចនាងស្រែកទៅប្តីថា សូមចាត់បំរើម្នាក់ និងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ
២៣ ប្តីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ
២៤ នាងក៏ចងកែបលា រួចបង្គាប់អ្នកបំរើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។
២៥ កាលអ្នកសំណប់របស់ព្រះ បានឃើញនាងមកពីចំងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបំរើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម
២៦ ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្តីរបស់អ្នកជាទេឬ ហើយកូនរបស់អ្នកជាឬទេ តែនាងឆ្លើយថា ជាទេ
២៧ កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្តីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសំដែងឲ្យអញដឹងសោះ
២៨ នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី
២៩ នោះលោកបង្គាប់កេហាស៊ីថា ចូរក្រវាត់ចង្កេះកាន់ដំបងរបស់អញចេញទៅ បើជួបនឹងអ្នកណាតាមផ្លូវ កុំឲ្យគំនាប់គេឡើយ បើអ្នកណាគំនាប់ដល់ឯង ក៏កុំឲ្យគំនាប់តបវិញដែរ ចូរទៅដាក់ដំបងអញនៅលើមុខកូននោះទៅ
៣០ តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ
៣១ ឯកេហាស៊ីគាត់ក៏ទៅមុន ហើយដាក់ដំបងនៅលើមុខកូន តែគ្មានឮសំឡេង កូនក៏គ្មានស្តាប់អ្វីដែរ ដូច្នេះ គាត់វិលទៅជួបនឹងអេលីសេវិញ ជំរាបថា កូនមិនបានភ្ញាក់ទេ។
៣២ កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក
៣៣ ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា
៣៤ រួចលោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏ក្តៅឧណ្ហឡើង
៣៥ នោះលោកក្រោកចេញទៅ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់៧ដង រួចបើកភ្នែកឡើង
៣៦ ដូច្នេះ លោកហៅកេហាស៊ីមកបង្គាប់ថា ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក គាត់ក៏ហៅ កាលនាងបានចូលមកដល់ហើយ នោះលោកប្រាប់ថា ចូរលើកបីកូននាងឡើង
៣៧ នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
បបរមានជាតិពុល
៣៨ ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបំរើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ
៣៩ មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ
៤០ រួចគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែកាលគេកំពុងតែបរិភោគ នោះក៏ស្រែកឡើងថា ឱអ្នកសំណប់របស់ព្រះអើយ បបរនេះពុលទេ ហើយគេបរិភោគពុំបាន
៤១ តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
ហោរាអេលីសេចែកអាហារដល់មនុស្សមួយរយនាក់
៤២ នៅគ្រានោះ មានមនុស្សម្នាក់ មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ
៤៣ អ្នកបំរើលោកសួរថា តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ ឲ្យមនុស្ស១០០នាក់បរិភោគបាន តែលោកបង្គាប់ថា ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងបរិភោគឆ្អែត ហើយនឹងនៅមានសល់ផង
៤៤ ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ហើយគេបានឆ្អែត រួចនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។