ការបរិទេវរបស់យេរេមា
១
(ពាក្យនេះធៀបក្រុងយេរូសាឡិមដូចជាស្រីមេម៉ាយ)
១ ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎ នាងដែលពីដើមជាប្រធាននៅកណ្តាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎ ពីដើមជាបុត្រីនៅកណ្តាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះបានទៅចំណុះគេវិញយ៉ាងណាហ្ន៎
២ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ
៣ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ឥតមានសេចក្តីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត
៤ អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្តីទុក្ខ ហើយតួទីក្រុងក៏មានសេចក្តីជូរចត់ដែរ
៥ ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្តីចំរើនដ្បិតព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង
៦ គ្រប់ទាំងសេចក្តីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាមដោយល្វើយកំឡាំង។
៧ នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្តីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះនោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
៨ ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរ្តិ៍ខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
៩ សេចក្តីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ទតសេចក្តីវេទនារបស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្តីឆ្មើងឆ្មៃ
១០ ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
១១ បណ្តាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ផ្តូរនឹងអាហារ សំរាប់ចំរើនកំឡាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
១២ ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ សូមពិចារណាមើល បើមានសេចក្តីទុក្ខព្រួយណា ដូចយ៉ាងសេចក្តីទុក្ខព្រួយរបស់ខ្ញុំនេះ ដែល ព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់
១៣ ទ្រង់បានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ទ្រង់បានដាក់មងសំរាប់ចាប់ជើងខ្ញុំ ទ្រង់បានបង្វែរខ្ញុំឲ្យថយទៅក្រោយក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
១៤ ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តទ្រង់បានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ទ្រង់បានឲ្យកំឡាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់ទ្រង់បានប្រគល់ខ្ញុំទៅក្នុងកណ្តាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
១៥ ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំឡោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
១៦ ព្រោះហេតុការទាំងនេះបានជាខ្ញុំយំ ភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកំសាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
១៧ ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្តាលគេ ទុកដូចជារបស់ស្មោកគ្រោក
១៨ ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ហើយពិចារណាមើលសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗនឹងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
១៩ ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំបានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសំរាប់ចំរើនកំឡាំងខ្លួន។
២០ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្តីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្តីស្លាប់ដែរ
២១ គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្តីលំបាករបស់ខ្ញុំម្ចាស់ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះឯទ្រង់ៗនឹងឲ្យថ្ងៃ ដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ
២២ សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់ហើយសូមទ្រង់ធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ខ្ញុំម្ចាស់ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។