១៤
ពិធីសំអាតខ្លួនមនុស្សឃ្លង់
១ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
២ នេះជាច្បាប់ខាងឯមនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅឯសង្ឃ
៣ រួចត្រូវឲ្យសង្ឃចេញទៅខាងក្រៅទីដំឡើងត្រសាលពិនិត្យមើល បើឃើញថា មនុស្សឃ្លង់នោះបានជាពិត
៤ នោះត្រូវឲ្យសង្ឃបង្គាប់ ឲ្យយកសត្វហើរ២ ដែលរស់ ហើយស្អាត មកសំរាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង
៥ រួចត្រូវបង្គាប់ឲ្យសំឡាប់សត្វហើរ១ នៅក្នុងផើងពីលើទឹកហូរ
៦ ឯសត្វដែលរស់នៅ នោះត្រូវឲ្យសង្ឃជ្រលក់ទៅក្នុងឈាមនៃសត្វដែលបានសំឡាប់ពីលើទឹកហូរនោះ ជាមួយនឹងឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុប
៧ ទៅប្រោះ៧ដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅឯវាលទៅ
៨ រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសំលៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ
៩ ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
១០ លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ និងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សំរាប់ជាដង្វាយម្សៅ ហើយនឹងប្រេង១កំប៉ុង
១១ រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
១២ ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
១៣ ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត
១៤ រួចត្រូវឲ្យសង្ឃយកឈាមដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង
១៥ ក៏ត្រូវយកប្រេង ពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន
១៦ ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា
១៧ ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនឹងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយ ដែលថ្វាយ ដោយព្រោះការរំលងដែរ
១៨ ហើយប្រេងដែលសល់នៅក្នុងបាតដៃរបស់សង្ឃ ត្រូវឲ្យចាក់លើក្បាលនៃអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា
១៩ ត្រូវឲ្យសង្ឃថ្វាយដង្វាយលោះបាប ឲ្យបានធួននឹងអ្នក ដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្តីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសំឡាប់ដង្វាយដុតទៀត
២០ ក៏ត្រូវថ្វាយដង្វាយដុត និងដង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
២១ បើអ្នកនោះខ្វះខាតមិនល្មមនឹងយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោល១មក ដោយព្រោះការរំលងសំរាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ និងប្រេង១កំប៉ុង
២២ ហើយលលក២ ឬព្រាបជំទើរ២ តាមកំឡាំងរបស់ខ្លួន គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត
២៣ នៅថ្ងៃទី៨ អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សំរាប់ការញែកខ្លួនចេញជាស្អាត
២៤ ត្រូវឲ្យសង្ឃយកកូនចៀមដែលសំរាប់ថ្វាយដោយព្រោះការរំលង និងប្រេង១កំប៉ុង ទៅថ្វាយជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
២៥ រួចត្រូវសំឡាប់កូនចៀម ដែលសំរាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃដង្វាយ ទៅលាបនៅទងត្រចៀកស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង
២៦ ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន
២៧ ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់៧ដងនៅចំពោះព្រះយេហូវ៉ា
២៨ រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនឹងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
២៩ ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលនៃអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួនខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា
៣០ រួចត្រូវឲ្យសង្ឃថ្វាយលលក១ ឬព្រាបជំទើរ១ តាមកំឡាំងដែលអ្នកនោះនាំយកមកបាន
៣១ គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុតជាមួយនឹងដង្វាយម្សៅផង រួចត្រូវឲ្យសង្ឃថ្វាយ ឲ្យធួននឹងអ្នក ដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា
៣២ នេះហើយជាច្បាប់ខាងឯអ្នកដែលកើតរោគឃ្លង់ ដែលមិនអាចនឹងលូកឈោងដល់ដង្វាយ សំរាប់ការញែកខ្លួនចេញជាស្អាតបាន។
ករណីឃ្លង់នៅលើជញ្ជាំងផ្ទះ
៣៣ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
៣៤ កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរអាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
៣៥ នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ
៣៦ ដូច្នេះ ត្រូវឲ្យសង្ឃបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាខាងក្រោយ
៣៧ ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ
៣៨ នោះត្រូវចេញទៅឯមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់៧ថ្ងៃ
៣៩ ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ
៤០ នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះ ចេញទៅចោលឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
៤១ រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះត្រូវឲ្យនាំយកទៅចាក់ឯកន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង
៤២ ហើយត្រូវយកថ្មឯទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអឯទៀតមកបូកវិញ។
៤៣ បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត ក្នុងពេលក្រោយដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
៤៤ នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត
៤៥ ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម និងឈើ ហើយនឹងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់ឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
៤៦ ឯអ្នកណាដែលចូលទៅក្នុងផ្ទះនោះក្នុងវេលាដែលកំពុងបិទ នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច
៤៧ បើអ្នកណាដែលដេកក្នុងផ្ទះនោះ ត្រូវឲ្យអ្នកនោះបោកសំលៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលបរិភោគនៅក្នុង ផ្ទះនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួនដែរ
៤៨ តែបើសង្ឃចូលទៅពិនិត្យមើល ឃើញថា រោគមិនបានរាលដាលឡើងក្នុងផ្ទះ ក្រោយដែលបានបូកជាថ្មីហើយនោះទេ នោះត្រូវប្រកាសថា ផ្ទះនោះស្អាតវិញ ដ្បិតរោគនោះបាត់ហើយ។
៤៩ ដូច្នេះ ត្រូវឲ្យយកសត្វស្លាប២ ឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុបមកសំរាប់នឹងញែកផ្ទះនោះជាស្អាត
៥០ ត្រូវសំឡាប់សត្វ១នៅក្នុងផើងពីលើទឹកហូរ
៥១ រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហម ជាមួយនឹងសត្វ១ដែលរស់នៅ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសំឡាប់ ហើយក្នុងទឹកហូរនោះដែរ រួចប្រោះទៅលើផ្ទះ៧ដង
៥២ ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប នឹងទឹកហូរ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកស៊ីសុប ហើយនឹងសំពត់ក្រហមផង
៥៣ តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។
៥៤ នេះហើយជាច្បាប់ខាងឯរោគឃ្លង់គ្រប់យ៉ាង និងទឹលម៉ូវ
៥៥ ហើយខាងឯឃ្លង់ដែលកើតនៅសំលៀកបំពាក់ឬនៅផ្ទះ
៥៦ និងខាងឯពក ឬស្នាមដែលសផង
៥៧ ដើម្បីនឹងបង្រៀនឲ្យដឹង ក្នុងកាលដែលស្មោកគ្រោក ឬក្នុងកាលដែលស្អាត នេះហើយជាច្បាប់ខាងឯរោគឃ្លង់។