៧
ការថ្វាយដង្វាយលោះបាប
១ នេះជារបៀបដង្វាយ ដែលថ្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត
២ គឺត្រូវសំឡាប់ដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា
៣ ហើយត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ និងខ្លាញ់ដែលរុំអាការៈខាងក្នុង
៤ ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
៥ រួចត្រូវឲ្យសង្ឃដុតថ្វាយនៅលើអាសនា ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាដង្វាយសំរាប់ថ្វាយ ដោយព្រោះការរំលង
៦ អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត
៧ ឯដង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាដង្វាយលោះបាបដែរ មានរបៀបតែ១ សំរាប់ដង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានដង្វាយនោះឯង។
ចំណែកនៃដង្វាយដែលត្រូវបានទៅសង្ឃ
៨ ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន
៩ ឯអស់ទាំងដង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ
១០ តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
ការថ្វាយដង្វាយមេត្រី
១១ នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
១២ បើអ្នកណាថ្វាយដង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង និងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ
១៣ ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសំរាប់ជាដង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃដង្វាយមេត្រី ដែលថ្វាយទុកជាសេចក្តីអរព្រះគុណ
១៤ ត្រូវយកនំ១ ពីរាល់តែដង្វាយយ៉ាងនោះ សំរាប់ជាដង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមដង្វាយមេត្រី
១៥ ឯសាច់នៃយញ្ញបូជារបស់ដង្វាយមេត្រី ដែលសំរាប់ជាសេចក្តីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ
១៦ តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
១៧ ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងទៅ
១៨ បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាដង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទី៣ យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ ដង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម ឯអស់អ្នកណាដែលបរិភោគ នោះក៏នឹងត្រូវមានទោសដែរ។
១៩ ឯសាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតនឹងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន
២០ បើអ្នកណាដែលជាប់មានសេចក្តីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាដង្វាយមេត្រីដែលជារបស់ផងព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន
២១ ហើយបើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្តីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាដង្វាយមេត្រីរបស់ផងព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
ច្បាប់សំរាប់ប្រជាជន
២២ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
២៣ ឲ្យហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យឯងរាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ
២៤ ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវឲ្យបរិភោគឡើយ
២៥ ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាដង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន
២៦ ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់ឯងរាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើង៤ក្តី
២៧ អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
២៨ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
២៩ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា
៣០ ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
៣១ រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន និងពួកកូនលោក
៣២ ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង
៣៣ អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន
៣៤ ដ្បិតអញបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់អើរ៉ុន និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ
៣៥ នេះហើយជាចំណែករបស់អើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ
៣៦ គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងដំណរបស់គេតរៀងទៅ។
៣៧ ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី
៣៨ ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយដង្វាយគេដល់ព្រះយេហូវ៉ា។