១១
លោកយ៉ូហានបាទីស្ទចាត់សិស្សទៅជួបព្រះយេស៊ូវ
(លូកា ៧.១៨-៣៥)
១ កាលព្រះយេស៊ូវបានផ្តាំពួកសិស្សទាំង១២នាក់រួចហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសំដែង ក្នុងអស់ទាំងក្រុងរបស់គេ។
២ រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា
៣ តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត
៤ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញ
៥ គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង
៦ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
៧ កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានព្រះបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី
៨ តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើលអស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ
៩ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង
១០ ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា «មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង»
១១ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ
១២ តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង
១៣ ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន
១៤ ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក
១៥ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ
១៦ តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា
១៧ យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ
១៨ ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល
១៩ ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ និងមនុស្សមានបាប ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។
ព្រះយេស៊ូវបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
(លូកា ១០.១៣-១៥)
២០ នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានព្រះបន្ទូលថា
២១ វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផែះផង
២២ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា
២៣ ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅជាដរាបដល់សព្វថ្ងៃនេះ
២៤ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។
ព្រះវរបិតា និងព្រះរាជបុត្រា
(លូកា ១០.២១-២២)
២៥ នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនិងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ
២៦ ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ
២៧ គ្រប់សេចក្តីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនិងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។
វិន័យរបស់ព្រះយេស៊ូវ
២៨ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក
២៩ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង
៣០ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។