២៤
ព្រះយេស៊ូវប្រកាសអំពីការបំផ្លាញព្រះវិហារ*
(ម៉ាកុស ១៣.១-២ លូកា ២១.៥-៦)
១ កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត
២ តែទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ។
ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាកុស ១៣.៣-១៣ លូកា ២១.៧-១៩)
៣ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប
៤ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង
៥ ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង
៦ អ្នករាល់គ្នានឹងឮនិយាយពីចំបាំង និងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ
៧ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ
៨ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ
៩ គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
១០ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក
១១ ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ
១២ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ
១៣ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ
១៤ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។
គ្រាមានទុក្ខលំបាក
(ម៉ាកុស ១៣.១៤-២៣ លូកា ២១.២០-២៤)
១៥ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ)
១៦ នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ
១៧ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ
១៨ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ
១៩ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់
២០ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ
២១ ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។
២២ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង
២៣ គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ
២៤ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
២៥ មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន
២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ
២៧ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ
២៨ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។
កូនមនុស្សនឹងយាងមក
(ម៉ាកុស ១៣.២៤-២៧ លូកា ២១.២៥-២៨)
២៩ ក្រោយសេចក្តីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
៣០ នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង
៣១ ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
បន្ទូលអំពីដើមល្វា
(ម៉ាកុស ១៣.២៨-៣១ លូកា ២១.២៩-៣៣)
៣២ ប៉ុន្តែ ចូររៀនសេចក្តីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ
៣៣ ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង
៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់
៣៥ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ។
ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រីស្ទ
(ម៉ាកុស ១៣.៣២-៣៧ លូកា ១៧.២៦-៣០, ៣៤-៣៦)
៣៦ ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ
៣៧ ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ
៣៨ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ
៣៩ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ
៤០ នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ
៤១ ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ
៤២ ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ
៤៣ ចូរដឹងសេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ
៤៤ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
៤៥ ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក និងឲ្យអាហារគេបរិភោគ តាមត្រូវពេល
៤៦ បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ
៤៧ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់
៤៨ ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក
៤៩ ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង
៥០ ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់
៥១ ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។