៥
ពរដ៏ពិតប្រាកដ
(លូកា ៦.២០-២៦)
១ កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់
២ ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា
៣ មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
៤ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត
៥ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក
៦ មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត
៧ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ
៨ មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ
៩ មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ
១០ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
១១ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ
១២ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ។
អំបិល និងពន្លឺ
(ម៉ាកុស ៩.៥០-៥១ លូកា ១៤.៣៤-៣៥)
១៣ អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
១៤ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ
១៥ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា
១៦ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ព្រះបន្ទូលអំពីគម្ពីរវិន័យ
១៧ កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ
១៨ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រឹត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ និងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្តីទាំងអស់បានសំរេច ដោយសព្វគ្រប់
១៩ ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ
២០ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូល ទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។
ព្រះបន្ទូលអំពីកំហឹង
២១ អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងដល់មនុស្សពីបុរាណ ថា«កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ
២២ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក
២៣ ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក
២៤ នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ
២៥ ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូមិឃុំ រួចអ្នកត្រូវជាប់គុក
២៦ ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។
ព្រះបន្ទូលអំពីការផិតក្បត់
២៧ អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ»
២៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ
២៩ បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក
៣០ ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។
ព្រះបន្ទូលអំពីការលែងលះប្តីប្រពន្ធ
(ម៉ាថាយ ១៩.៩ ម៉ាកុស ១០.១១-១២ លូកា ១៦.១៨)
៣១ មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង
៣២ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្តី បើប្តីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្តីលែង ធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្តីកំផិតដែរ។
ព្រះបន្ទូលអំពីសម្បថ
៣៣ មួយទៀត អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្តី ដែលស្បថនឹងព្រះអម្ចាស់»
៣៤ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ
៣៥ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ
៣៦ ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាសឬជាខ្មៅពុំបានទេ
៣៧ ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។
ព្រះបន្ទូលអំពីគំនុំសងសឹក
(លូកា ៦.២៩-៣០)
៣៨ អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ»
៣៩ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត
៤០ បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង
៤១ បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង
៤២ ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
(លូកា ៦.២៧-២៨, ៣២-៣៦)
៤៣ អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកមកថា «ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ»
៤៤ ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ
៤៥ ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង
៤៦ ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នេះដែរទេឬអី
៤៧ ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
៤៨ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។