២៥
កូនចៅអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់
១ រីឯពួកអ៊ីស្រាអែលគេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់
២ ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ
៣ គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងគេ
៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្តីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ
៥ នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសំឡាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។
៦ ខណៈនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ និងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំ នៅមាត់ទ្វារត្រសាលជំនុំ
៧ កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុន ដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ
៨ ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទំលុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្តីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ
៩ ឯអស់អ្នកដែលបានស្លាប់ក្នុងសេចក្តីវេទនានោះ មានចំនួន២ម៉ឺន៤ពាន់នាក់។
១០ រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
១១ ភីនេហាសជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ លោកបានបំបែកសេចក្តីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្តីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្តីប្រចណ្ឌរបស់អញឡើយ
១២ ដូច្នេះចូរប្រាប់ថា អញតាំងសេចក្តីសញ្ញារបស់អញ ឲ្យបានមេត្រីនឹងលោកហើយ
១៣ គឺជាសេចក្តីសញ្ញា ឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោកនឹងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
១៤ រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន
១៥ ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។
១៦ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា
១៧ ចូរធ្វើទុក្ខដល់សាសន៍ម៉ាឌាន ហើយវាយគេចុះ
១៨ ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្តីវេទនា ដោយព្រោះរឿងពេអរនោះ។