១១
១ ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
២ កាលណាកើតមានសេចក្តីអំនួត នោះក៏កើតមានសេចក្តីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
៣ សេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេតែសេចក្តីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
៤ ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្តីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
៥ សេចក្តីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
៦ ឯសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
៧ កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្តីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្តីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
៨ មនុស្សសុចរិតរមែងរួចពីសេចក្តីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
៩ មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
១០ គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
១១ ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរំលំវិញ។
១២ អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួននោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
១៣ អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
១៤ ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ។
១៥ អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។
១៦ ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។
១៧ មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
១៨ មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្តីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
១៩ ចំណែកសេចក្តីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
២០ អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
២១ ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
២២ ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទនោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។
២៣ សេចក្តីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្តីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្តីក្រេវក្រោធវិញ។
២៤ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
២៥ មនុស្សដែលមានចិត្តសន្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
២៦ ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។
២៧ អ្នកណាដែលព្យាយាមស្វែងរកសេចក្តីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
២៨ អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។
២៩ អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមរដក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបំរើដល់មនុស្សប្រាជ្ញា។
៣០ ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។
៣១ មើល ពួកមនុស្សអាក្រក់សុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយ ចុះឯមនុស្សអាក្រក់នឹងមនុស្សមានបាប តើនឹងទទួលសំណងលើសជាងអម្បាលម៉ានទៅ។