២២
១ ដាវីឌក៏មានព្រះបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃដង្វាយដុតសំរាប់ពួកអ៊ីស្រាអែលហើយ។
ស្តេចដាវីឌរៀបចំសង់ព្រះវិហារ
២ គ្រានោះ ទ្រង់បង្គាប់ ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សំរាប់ស្អាងព្រះវិហារនៃព្រះ
៣ ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក និងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ
៤ ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុសគេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ
៥ ហើយទ្រង់មានព្រះបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ និងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។
៦ រួចមកទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
៧ ដាវីឌក៏មានព្រះបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃអញហើយ
៨ តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ
៩ មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្តីសំរាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្តីសុខសាន្ត និងសេចក្តីស្រាកស្រាន្ត
១០ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ
១១ ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯងដូចជាទ្រង់បានមានព្រះបន្ទូលពីដំណើរឯងហើយ
១២ សូមតែឲ្យព្រះយេហូវ៉ា ទ្រង់ប្រទានប្រាជ្ញា និងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង
១៣ យ៉ាងនោះ ឯងនឹងបានចំរើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកំឡាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ
១៤ ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្តីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប និងប្រាក់១លានហាប ព្រមទាំងលង្ហិន និងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន
១៥ មួយទៀត មានពួកជាងនៅជាមួយនឹងឯងជាបរិបូរដែរ គឺមានជាងដាប់ថ្មជាងអារឈើ ហើយគ្រប់ទាំងមនុស្ស ដែលជំនាញក្នុងការគ្រប់មុខ
១៦ ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
១៧ ដាវីឌក៏បង្គាប់ដល់ពួកអ្នក ដែលជាកំពូលរបស់សាសន៍អ៊ីស្រាអែលដែរ ឲ្យគេត្រូវជួយសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
១៨ ដោយព្រះបន្ទូលថា តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សំរាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួករាស្ត្ររបស់ទ្រង់
១៩ ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាង សំរាប់ព្រះនាមទ្រង់។